ADB ផ្តល់កម្ចីជិត២០០លានដុល្លារ លើគម្រោង៣ធំៗនៅកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងហិរញ្ញវត្ថុ តំណាងឲ្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី០៩ ខែមករាម្សិលមិញនេះ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទាន ចំនួនជិត២០០លានដុល្លារ សម្រាប់គម្រោងចំនួន៣ ដើម្បីគាំទ្រដល់ការកែលម្អផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក អនាម័យតាមខេត្ត និងការអភិវឌ្ឍកសិកម្មខ្នាតតូច។
យោតតាមសេចក្តីប្រកាស ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានលើកឡើងថា គម្រោងទី១ នៃឥណទានសម្បទាននេះ គឺជាការកែលម្អបណ្តាញផ្លូវថ្នល់ ដែលមានទឹកប្រាក់៧០លានដុល្លារ នឹងកែលម្អផ្លូវប្រវែង១៤៧គីឡូម៉ែត្រ នៅក្នុងខេត្តព្រៃវែង សៀមរាប និងខេត្តស្វាយរៀង។
គម្រោងនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ ដើម្បីបង្កើន ប្រសិទ្ធភាព សុវត្ថិភាព និងភាពធន់ទ្រាំទៅនឹងអាកាសធាតុ និងបង្កើនសមត្ថភាពរបស់ក្រសួងសាធារណការ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ តាមរយៈការរៀបចំផែនការប្រតិបត្តិការ និងការជួសជុលថែទាំឱ្យបានកាន់តែល្អប្រសើរជាងមុន។
ចំពោះគម្រោងទី២ គឺគម្រោងផ្គត់ផ្គងទឹក និងអនាម័យខេត្ត នឹងជួយពង្រីក និងកែលម្អការផ្គត់ផ្គង់ទឹក និងសេវាអនាម័យនៅតំបន់ប្រជុំជន ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួនជាង ២សែននាក់ នៅក្នុងខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងខេត្តព្រះសីហនុ។
តាម ADB ឥណទានសម្បទាននៅក្នុងទឹកប្រាក់៥០លានដុល្លាររបស់ខ្លួន សម្រាប់គម្រោងនេះ នឹងត្រូវបំពេញបន្ថែមដោយ ហិរញ្ញប្បទានឥតសំណង១០លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួមគ្នា ក្រោមការឧបត្ថម្ភ មូលនិធិពីរដ្ឋាភិបាលជប៉ុន និងសហហិរញ្ញប្បទាន ជាង៤៣លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD រួមទាំងហិរញ្ញប្បទានឥតសំណងជាង ៥លានដុល្លារទៀត ពីកម្មវិធីវិនិយោគអាស៊ីនៃសហភាពអឺរ៉ុប។ រដ្ឋាភិបាលកម្ពុជាក៏នឹងចូលរួមបដិភាគក្នុងទឹកប្រាក់ ១១លានដុល្លារផងដែរ។
ដោយឡែក គម្រោងទី៣ គឺជាហិរញ្ញប្បទានបន្ថែម សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប នឹងបន្តបង្កើនផលិតភាពកសិកម្ម និងធ្វើពិពិធកម្មសេដ្ឋកិច្ចជុំវិញបឹងទន្លេសាប ដើម្បីផ្តល់ប្រយោជន៍ដល់កសិករខ្នាតតូច ក្នុងខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថាធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ទឹកប្រាក់ ៥០លានដុល្លារ សម្រាប់គម្រោងនេះ រួមនឹងឥណទានសម្បទាន ១០លានដុល្លារ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនិងការចូលរួមបដិភាគសមមូល៦លានដុល្លារពីរដ្ឋាភិបាលផងដែរ៕