ដែនដីនសុខសាន្តនៃពពួកសត្វជ្រឹងដែលកម្រមាន

321

បច្ចុប្បន្នគេសង្កេតឃើញថា សត្វជាច្រើនប្រភេទនៅក្នុងស្រុករបស់យើងកាន់តែតិចទៅៗ ស្ទើរតែផុតពូជ និងសត្វខ្លះទៀតបានបន្លាស់ទីទៅរស់នៅតាមតំបន់ព្រៃភ្នំ ដើម្បីគេចពីការតាមប្រមាញ់សម្លាប់របស់មនុស្សនោះ។ប៉ុន្តែសម្រាប់សត្វជ្រឹងនៅស្រុកកោះធំ រាប់ពាន់ក្បាលបាននាំគ្នាមករស់នៅលើដើមស្វាយ ដើមឈើទាល និងគគីរយ៉ាងពពាក់ពពូន…។ សំឡេងស្រែកយំចេកចាចឡើងកងរំពងរបស់ពួកវានៅលើក្នុងលំហវេហាប្រៀបបាននឹងសូរតន្ត្រីម្យ៉ាងដែលតែងតែបំពេរអារម្មណ៍អ្នកស្រុកនៅទីនោះនាពេលល្ងាចមិនចេះជិនណាយ។ បើយើងធ្វើដំណើរតាមបណ្តោយផ្លូវជាតិត្រើយខាងកើតនៃដងទន្លេបាសាក់ចេញពីភ្នំពេញកាត់តាមស្រុកស្អាងនិងបន្តដំណើរចូលទៅក្នុងទឹកដីស្រុកកោះធំប្រមាណជាង១០គីឡូម៉ែត្រយើងនឹងទៅដល់វត្តឈ្មោះ”ពិជ័យសាគរ”ស្ថិតក្នុងភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ពេលនោះ យើងនឹងបានប្លែកអារម្មណ៍ជាមួយពពួកហ្វូងសត្វជ្រឹងជាច្រើនពាន់ក្បាលដែលផ្ញើរជីវិតនៅលើចុងព្រឹក្សានៅក្នុងវត្តនោះ។ សត្វជ្រឹងស្ថិតក្នុងអម្បូរថនិកសត្វពួកវាហើរស្វែងរកចំណីនៅពេលយប់និងដេកនៅពេលថ្ងៃ។ជាទូទៅគេសង្កេតឃើញថាសត្វជ្រឹងឬប្រចៀវពួកវាចូលចិត្តរស់នៅទីកន្លែងងងឹតដែលមិនសូវមានពន្លឺព្រះអាទិត្យចែងចាំងដល់ដែលជាលក្ខខណ្ឌដ៏ល្អសម្រាប់ពួកវាដេកនៅពេលថ្ងៃ ម្យ៉ាងទៀតពួកវាចូលចិត្តរស់នៅទីព្រៃឆ្ងាយ ដើម្បី គេចពីការតាមប្រមាញ់របស់មនុស្សតែសម្រាប់សត្វជ្រឹងមួយហ្វូងនេះ បែរជាមកជ្រើសរើសទីតាំងរស់នៅក្នុង ទីវត្តដែលមានមនុស្សចេញចូលនិងរស់ច្រើនកុះករទៅវិញ។ ជុំវិញជីវិតសត្វជ្រឹងរស់នៅក្នុងទីអារាមនេះព្រះសង្ឃគង់នៅវត្តពិជ័យសាគរបានមានសង្ឃដីការឲ្យដឹងថាសត្វជ្រឹងទាំងនេះបានមករស់នៅលើដើមឈើក្នុងវត្តរបស់ព្រះអង្គជាង១០ឆ្នាំមកហើយ។ដំបូងឡើយពួកវាគ្រាន់តែមករស់នៅ១០ទៅ២០ក្បាលប៉ុណ្ណោះតែដោយសារអ្នកស្រុកជាពុទ្ធបរិស័ទរស់នៅជុំវិញទីនោះក៏ដូចជាព្រះសង្ឃមានចិត្តធម៌ទើបមិនមាននរណាទៅបៀតបៀនបាញ់សម្លាប់យកធ្វើជាអាហារ។ការសណ្តោសប្រណីរបស់អ្នកស្រុកនៅទីនោះបានធ្វើឲ្យពួកសត្វជ្រឹងទាំងនោះរស់នៅយ៉ាងសុខសាន្តគ្មានការសម្លាប់ពីសំណាក់មនុស្សឡើយ។

19046552_196621704195135_1439631807_n

ក្រោយៗមកពួកវាបាន នាំសមាជិកផ្សេងទៀតមករស់នៅបន្ថែម រហូតកកើតជាកូនពូនជាចៅកាន់តែច្រើនឡើងៗជាលំដាប់មានចំនួនរាប់ពាន់ក្បាលតោងរណែងរណោងពាសពេញចុងដើមស្វាយដើមឈើទាលនិងដើមគគីរជាច្រើនដើមគូរជាទីគយគន់។ នាពេលល្ងាចពេលដែលព្រះអាទិត្យបន្ថយកំដៅសូរសែងហៀបនឹងបាត់បង់ពន្លឺរស្មី គឺជាពេលវេលា ដែលហ្វូងសត្វជ្រឹងទាំងនេះហើរឆ្វេចឆ្វាចពាសពេញមេឃដើម្បីស្វែងរកចំណី។ពេលនោះហើយមនុស្សម្នានៅជុំវិញនោះបានស្តាប់សំឡេងយំចេចចាចឡើងទ្រហឹងអឺងកងលាយឡំនឹងកម្លាំងខ្យល់បក់មកប៉ះនឹងស្លឹកឈើ បង្កើតបានជាសំឡេងម្យ៉ាងប្រៀបបានទៅជាតន្ត្រីធម្មជាតិពិរោះរណ្តំមុនពេលដែលពួកវាហើរចាកចេញទៅស្វែងរកចំណី និងនៅពេលមនុស្សម្នាចូលនិន្ទ្រា។ បើតាមការអះអាងរបស់ព្រះសង្ឃមានសង្ឃដីការថា”ហ្វូងជ្រឹងទាំងនេះជាប្រភេទជ្រឹងដែលមានទម្ងន់ចាប់ពីកន្លះគីឡូក្រាមរហូតមួយគីឡូក្រាម”។

19021532_196621854195120_685025370_n

ជាមួយនឹងសត្វជ្រឹងដែលស្នាក់អាស្រ័យជាច្រើនពាន់ក្បាលដោយសុខសាន្តអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះមានពាក្យចចាមអារ៉ាមលេចឮថាសត្វជ្រឹងទាំងនេះបានបារមីខ្លាំងពូកែកាន់ហើយបើអ្នកណាមានថ្លើមធំហ៊ានទៅចាប់ឬសម្លាប់ជីវិតសត្វជ្រឹងទាំងនេះប្រាដកជាត្រូវធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុជាមិនខាននិងព្យាបាលមិនជាទេទាល់តែទៅអុដធូបបន់ស្រន់ដល់បារមីទើបបានជាសះស្បើយ។តែត្រង់ចំណុចនេះមានសង្ឃបានធ្វើការបដិសេធថាហ្វូងជ្រឹងទាំងនេះគ្មានបារមីឫទ្ធិអំណាចកាន់ដូចពុទ្ធបរិស័ទនិយាយឡើយ។កន្លងមកសត្វជ្រឹងទាំងនោះតែងតែមានមនុស្សតាមយាយីលូចដាក់សន្ទួចមេឃពេលយប់នៅក្នុងវត្តចាប់ពួកវាយកទៅលក់និងទៅធ្វើជាអាហារជាញឹកញាប់មានពេលខ្លះហើយមានព្រះសង្ឃដឹងក៏ហាមឃាត់និងរាយការណ៍ទៅប្រធានភូមិនិងពេលខ្លះព្រះអង្គមិនបានដឹងគេក៏លួចចាប់បានខ្លះដែរ។

19021441_196621910861781_2100985727_n

ស្រ្តីឈ្មោះរ៉េម រ៉នអាយុ៦០ឆ្នាំជាប្រជាជនក្នុងភូមិកំពង់គរបានឲ្យដឹងដែរថាសត្វជ្រឹងដែលមក រស់នៅក្នុងវត្តនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ពួកវារស់នៅបានសុខសាន្ត រហូតមកដល់ ពេលនេះដោយសារព្រះគ្រូចៅអធិការវត្តជាអ្នករារាំងមិនមានការតាមប្រមាញ់ពីមនុស្សមួយចំនួន។ជាមួយគ្នានេះដែរ គាត់ក៏សប្បាយចិត្តដែរ ពេលឃើញជ្រឹងនៅមានច្រើនដូច្នេះ។

18985536_196621914195114_2074685279_n

លោកឡុង ជាងអាយុ៦៧ឆ្នាំជាប្រធានភូមិកំពង់គរមានប្រសាសន៍ថាហ្វូងសត្វជ្រឹងទាំងនេះបានមករស់ ជាយូរឆ្នាំមកហើយ។ លោកទទួលថាពិតជាមានអ្នកភូមិលលូចប្រមាញ់សម្លាប់ពួកវាមែនហើយលោកក៏ធ្លាប់ ធ្វើការអប់ចំពោះអ្នកទាំងនោះឲ្យឈប់ចាប់ផងដែរ ក្នុងគោលបំណងអភិរក្សសត្វក្នុងប្រទេសរបស់យើង ហើយបើគ្មានការអភិរក្សពីសំណាក់ព្រះគ្រូចៅអធិការវត្តនិងអ្នកស្រុកនៅទីនេះទេប្រហែលជាមិនបានឃើញសត្វជ្រឹងដ៏ច្រើនរស់នៅទីនេះទេ។ បើផ្នែកតាមការស្រាវជ្រាវរបស់ក្រុមអភិរក្សជនជាតិជប៉ុនកាលពីប៉ុន្មានឆ្នាំមុនដែលបានស្រាវជ្រាវនិងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិរាប់ចំនួនសត្វជ្រឹងនៅក្នុងវត្តនេះបានបង្ហាញថាសព្វថ្ងៃសត្វជ្រឹងដែលកំពុងតែអាស្រ័យនៅទីនេះមានចំនួនជាង៣ពាន់ក្បាល់ ៕ ដោយ ដាវ៉ុន

19046750_196621797528459_485659569_n19046750_196621797528459_485659569_n19021824_196621837528455_218579682_n

Comments

comments