កម្ពុជា-ចិន ចាប់ដៃគូសហការក្នុងការស្តុកស្រូវ និងធ្វើការនាំចេញទៅកាន់ទីផ្សារ កាលពីថ្ងៃម្សិលមិញ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន

160

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក Xu Yihui នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.,Ltd មកពីខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីវិស័យកសិកម្មនៅកម្ពុជា ជាពិសេស លើការប្រមូលផលស្រូវ ផលិតកម្មស្រូវ ក៏ដូចជាស្រូវបំរុង និងការបញ្ចេញស្រូវ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ចំពោះគណប្រតិភូក្រុមហ៊ុន ដែលបានអញ្ជើញមកកម្ពុជា និងជាពិសេសមកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាពីស្ថានភាពកសិកម្មនៅកម្ពុជា និងពិនិត្យមើលនូវលទ្ធភាពនៃការចាប់ដៃគូកិច្ចសហប្រតិបត្តិរវាងរដ្ឋ និងឯកជន។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ដែលកន្លងមកបានអញ្ជើញគណប្រតិភូកម្ពុជា ទៅពិនិត្យមើលនូវស្ថានភាពនៃការទុកដាក់ស្រូវ ការវេចខ្ចប់ និងចែកចាយផលិតផលកសិកម្មផ្សេងៗនៅក្នុងប្រទេសចិនសម្រាប់ការនាំចេញ ដែលនេះជាការស្តែងចេញនូវការសហការល្អរវាងកម្ពុជា និងចិន ក្នុងការចែករំលែកនូវបទពិសោធន៏ល្អៗសម្រាប់ធ្វើការអភិវឌ្ឍន៏នៅកម្ពុជា។ លោក Xu Yihui បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងសហការីលើកនេះ គឺដើម្បីពិនិត្យមើលនូវទំហំនៃការដាំដុះ និងផលិតកម្មស្រូវនៅកម្ពុជា។ ដោយក្រុមហ៊ុនរបស់លោកមានលទ្ធភាពស្តុកស្រូវចំនួន ៣០០ ០០០តោនក្នុងមួយឆ្នាំ។ ពិសេសក្រុមហ៊ុនរបស់លោកមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការស្តុកស្រូវ ដែលអាចរក្សាគុណភាពបានរហូតដល់ ៣ឆ្នាំ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោកអាចនឹងចាប់ដៃគូសហការជាមួយកម្ពុជាក្នុងការស្តុកស្រូវ និងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រោះថាបច្ចុប្បន្នតម្រូវការអង្ករនៅទីក្រុង Xiamen មានការកើនឡើងដល់ ៤៣០ ០០០តោនក្នុងមួយឆ្នាំ។ ទន្ទឹងនឹងនេះក្រុមហ៊ុនរបស់លោកក៏មានបំណងនាំយកនូវប្រភេទពូជស្រូវ ពីទីក្រុងរបស់លោក មកដាំដុះនៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅប្រទេសចិននោះ៕

Comments

comments