សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មយ៉ាងខ្លាំងនូវការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ ដែលថាការបោះឆ្នោតនឹងមិនអាចធ្វើទៅបាន បើមានភាពច្របូកច្របល់

244

​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែគូសបញ្ជាក់ថា អ្វីដែលបានកំណត់រួចហើយ គឺការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មិនត្រូវបានផ្លាស់ប្ដូរទេ គឺការបោះឆ្នោតនេះត្រូវបន្ដជិតឈានដល់ដំណាក់កាល នៃយុទ្ធនាការបោះឆ្នោតជ្រើសរើស​សមាជិកព្រឹទ្ធសភាហើយ ឯការបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឬការបោះឆ្នោតជ្រើសរើសសមាជិកសភា នឹងត្រូវបន្ដធ្វើតាមការគ្រោងទុកគ្មានការផ្លាស់ប្ដូរណាមួយកើតឡើងទេ បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះត្រូវតែធ្វើឲ្យខាងតែបាន»

ដើម្បីឲ្យកាសែតភ្នំពេញប៉ុស្ដិ៍ និងអ្នកវិភាគទាំងឡាយយល់កាន់តែច្បាស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានពន្យល់ដែរថា «នៅប្រទេសកម្ពុជា មានការកំណត់ច្បាស់លាស់មួយ ស្ដីពី​សភា មាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ ​លើកលែងតែរដ្ឋាភិបាលត្រូវរំលាយ២ដង ក្នុងរយៈពេល១២ខែ មានន័យថា ការបោះឆ្នោតនៅកម្ពុជាគឺមិនប្រគល់សិទ្ធិនោះ ទៅឲ្យនាយករដ្ឋមន្ដ្រី ដូចប្រទេសនានាទេ ក៏មិនថ្វាយទៅព្រះមហាក្សត្រ ហើយក៏មិនឲ្យសភាខ្លួនឯងដែរ សភាខ្លួនឯងគ្មានសិទ្ធិរំលាយសភាខ្លួនឯងនោះទេ លើកលែងតែខ្លួនចង់រំលាយ ត្រូវរំលាយរដ្ឋាភិបាល២ដង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់) ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថា ខ្ញុំនឹងលុបចោល ឬពន្យារការបោះឆ្នោតនាពេលខាងមុខ។ ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិភាគផងដែរ»៕​

Comments

comments