ខេត្តកំពត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នឹងជួសជុលឡើងវិញនូវកំណាត់ផ្លូវ១៥គីឡូម៉ែត្រ នៃផ្លូវជាតិលេខ៣ ដែលខូចខាតដោយទឹកជំនន់ទឹកភ្លៀង ឱ្យរួចរាល់ក្នុងរយពេល ១សប្តាហ៍ ដោយក្រុមហ៊ុន CRBC ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា គឺទាន់ពេលល្មម នឹងការបោះឆ្នោតថ្ងៃទី២៩ កក្កដា។
នេះ បើយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអំឡុងពេល អញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តកំពត ប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត កាលពីថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងការចុះពិនិត្យពិនិត្យការខូចខាតចាប់តាំងពីទ្វារកំពតរហូតដល់ខេត្តកំពតនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានថ្លែងប្រាប់ថា៖ « ផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងប្រវែង ១៥គម.នេះ នឹងត្រូវជួសជុលឡើងវិញឱ្យរួចរាល់ក្នុងរយពេល ១សប្តាហ៍ ដោយក្រុមហ៊ុន CRBC ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ»។
ដោយសារទឹកភ្លៀងរដូវវស្សាបានធ្លាក់ជោកជាំច្រើននៅភូមិសាស្ត្រខេត្តព្រោះសីហនុ និងខេត្តកមពង់ស្ពឺក្នុងសប្តាហ៍នេះ ការធ្វើចរាចរលើផ្លូវជាតិផ្លូវជាតិលេខ៤ ជាពិសេសត្រង់គីឡូម៉ែត្រ៩០ នៃឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺត្រូវបានផ្អាកចរាចរណ៍ជាច្រើនលើក និងត្រូវបានបង្វែរឲ្យធ្វើដំណើរតាមផ្លូវជាតិលេខ៣, ៣១, ៣៣ និង ៤១ វិញ ក៏បានធ្វើឲ្យផ្លូវជាតិទាំង៤នោះ មានការមមាញឹក និងខូចខាតផ្លូវយ៉ាងខ្លាំង។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើ និងអំពាវនាវទៅដល់ក្រុមហ៊ុនដឹកទំនិញទាំងអស់ សូមមេត្តាកុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះវានាំឱ្យខូចខាតផ្លូវ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលនាំខាតបង់ថវិកាជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិផងដែរ សូមឱ្យចូលរួមថែរក្សាទាំងអស់គ្នា ចូលរួមគោរពច្បាប់ទាំងអស់គ្នា៕