(ព្រះសីហនុ)៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ បានចាត់លោកឧកញ៉ា ស៊ុន រី ជាតំណាងដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកថវិកា របស់សមាគមចលនា យុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ និងសប្បុរសជនផ្សេងទៀតចំនួន ១,៣០០,០០០៛ ព្រមទាំងម្ហូបអាហារចម្រុះច្រើនមុខ យក ទៅឧបត្ថម្ភជូនស្រ្តីមេម៉ាយ ឈ្មោះ សារាំ ហួន អាយុ២៧ឆ្នាំ ដែលកើតជំងឺខ្វិន(ដំបៅ) រូបរាងស្គមស្គាំង ។
ម្តាយស្ត្រីអ្នកជំងឺ ឈ្មោះ អៀង ហ៊ឹម អាយុ៦១ឆ្នាំ មានប្រសាសន៍ថា គ្រួសារគាត់មានជីវភាពទីទ័លក្រលំបាក ហើយរាល់ថ្ងៃនេះ កូនស្រីគាត់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាច្រើនខែមកហើយ។ ជំនួយឧបត្ថម្ភខាងលើនេះ ត្រូវបានក្រុមការងារប្រគល់ ជូនតាមរយៈម្តាយស្ត្រីអ្នកជម្ងឺ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ឲ្យដឹងថា ជម្ងឺស្ត្រីខាងលើ អាចព្យាបាលជាសះស្បើយ ដោយគ្រាន់តែប្រើពេលយូរបន្តិច តែប៉ុណ្ណោះ៕