ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាយឧត្តមសេនីយ៍ គន់ គីម កងទ័ព និងអតីតយុទ្ធជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន

106

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង សេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមនាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកតាមទល់ដែន និងអតីតយុទ្ធជនកម្ពុជាទាំងអស់ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនៅចំពោះមុខប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៥ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម កងទ័ពតាមទល់ដែន និងអតីតយុទ្ធជនកម្ពុជា បានបង្ហាញភាពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ គន់ គីម និងកងទ័ព បានលើកឡើងថា សម្តេចតេជោ មិនត្រឹមតែបានប្រឹងប្រែងក្នុងការតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងប្រឹងប្រែងស្តារអភិវឌ្ឍន៍ប្រទេសជាតិ នាំភាពរីកចម្រើនជូនប្រជាជនប៉ុណ្ណោះទេ តែពេលនេះសម្តេចបានតតាំងដោយផ្ទាល់ជាមួយមេដឹកនាំពិភពលោក ដើម្បីទាមទាររកយុត្តិធម៌ជូនជាតិ និងប្រជាជន ដែលរងការបំពានដោយសហរដ្ឋអាមេរិកកាលពីអតីតកាលថែមទៀត។

ក្នុងញត្តិគាំទ្រនោះបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នា ពិតជាកោតសសើរ ស្ញប់ស្ញែង និងគោរពដ៏ខ្ពង់ខ្ពស់បំផុតនូវភាពក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាំងពីសម្តេចចេញរំដោះមាតុភូមិហើយបន្តដឹកនាំពុះពារការលំបាកស្វែងរកសន្តិភាពតាមរយៈការចចារជាមួយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតមានកិច្ទព្រមព្រៀងក្រុងបារី បន្តអនុវត្តនយោបាយឈ្នះឈ្នះឯកភាពទឹកដីទាំងមូល។ មិនតែប៉ុណ្ណោះ ក្នុងកិច្ចប្រជុំកំពូលនៅហ្វីលីពីន សម្តេចបានបង្ហាញនូវភាពក្លាហានបន្តទៀត ដោយថ្លែងត្រង់ទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីជំហរដឹកនាំដ៏ត្រឹមត្រូវ និងមឺងម៉ាត់របស់សម្តេចចំពោះការដឹកនាំកម្ពុជា។ នេះជាមោទនភាពដ៏វិសេសវិសាលបំផុតដែលសម្តេចបានធ្វើសម្រាប់ជាតិ និងប្រជាជនកម្ពុជា»

ក្នុងញត្តិបន្តថា «ប្រសាសន៍របស់សម្តេចតេជោ នៅចំពោះមុខរបស់ប្រធានាធិបតីអាមេរិក គឺជាតស៊ូមតិដោយស្មោះត្រង់បំផុតក្នុងការទាមទារស្វែងរយកយុត្តិធម៌ជូនជាតិ និងប្រជាជនកម្ពុជា ដែលរងភាពខ្លោចផ្សារបំផុតដោយសារការបំពានរបស់សហរដ្ឋអាមេរិកពីអតីតកាល និងបានបង្ហាញពិភពលោកឲ្យបានដឹងកាន់ច្បាស់ថែមទៀត ពីភាពអយុត្តិសម្រាប់កម្ពុជា ដោយសារនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បុគ្គលអាមេរិកមួយចំនួន»។ «ក្នុងនាមយើងខ្ញុំជាកងទ័ពការពារដែនដីកម្ពុជា សូមប្តេជ្ញាគោរព និងការពារជាដាច់ខាតនូវមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពប្រាកដនិយមក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង។ យើងខ្ញុំសូមប្តេជ្ញាដាច់ខាតមិនឲ្យកម្លាំងអមិត្ត សត្រូវមានអសិរពិសដ៏ពិសពុលទាំងឡាយមកបំផ្លាញ ឬ ផ្តួលរំលំការដឹកនាំរបស់សម្តេចតេជោជាដាច់ខាត»

សូមបញ្ជាក់ថា ការចេញញត្តិគាំទ្រនេះ បានធ្វើឡើងក្រោយសម្តេចតេជោ ហ៊ុន សែន កាលពីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានថ្លែងដោយ ផ្ទាល់មាត់នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះនយោបាយមិនជ្រៀតជ្រែក ដែនអធិបតេយ្យប្រទេសដទៃ របស់លោក ដូណាល់ ត្រាំ ជាពិសេសបានថ្លែងបង្ហាញពីទុក្ខវេទនារបស់កម្ពុជា ដោយសារនយោបាយជ្រែតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអតីតកាល៕

 

Comments

comments