សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់អត្តពលិកជយលាភីនៅព្រឹកថ្ងៃនេះ

93

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ប្រភេទកីឡា ដែលត្រូវមកទទួលប្រាក់រង្វាន់រាជរដ្ឋាភិបាលស្អែកនេះ រួមមាន៖

ទី១៖ ការប្រកួតជើងឯកពិភពលោក គឺមានកីឡាករតុងហ្គីលម៉ូដ៉ូ ប្រកួតនៅសាធារណរដ្ឋកូរ៉េ និងកីឡាវ៉ូវីណាម ប្រកួតនៅឥណ្ឌា

ទី២៖ ការប្រកួតជ្រើសរើសជើងឯកអាស៊ី មានដូចជាកីឡាករប៉េតង់ ប្រកួតនៅមីយ៉ាន់ម៉ា និងកីឡាសូហ្វតេន្នីស ប្រកួតនៅជប៉ុន។

ទី៣៖ ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឬក្របខណ្ឌអាស៊ាន រួមមានកីឡាវ៉ូវីណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្ដសៀមរាប, កីឡាតេក្វាន់ដី ITF ធ្វើម្ចាស់ផ្ទះលើកទី១ នៅរាជធានីភ្នំពេញ និងការប្រកួតកីឡា The 10th South East Asia Cadet and Junior Wrestling Championship 2017 នៅប្រទេសថៃ។

ទី៤៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី ដោយអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ១៧វិញ្ញាសា មានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២។

ក្នុងចំណោមប្រភេទកីឡាទាំងអស់ ប្រាក់រង្វាន់ដែលរាជរដ្ឋាភិបាល ត្រូវចំណាយច្រើនជាងគេ គឺក្រុមកីឡាវ៉ូវីណាម ក្នុងនោះដោយគ្រាន់តែនិយាយពីការប្រកួតជើងឯកពិភពលោក គឺក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយមាស៤ ប្រាក់៩ និងសំរឹទ្ធ៩ ហើយបើសរុបជាទឹកប្រាក់ត្រូវទទួលគឺជាង ១លានដុល្លារឯណោះ។

បើតាមសេចក្តីប្រកាសអន្ដរក្រសួងរបស់ក្រសួងអប់រំ មេដាយមាសពិភពលោកទទួលបាន ១២០លានរៀល ប្រាក់ ៨០លានរៀល និងសំរឹទ្ធ ៦០លានរៀល។ ទឹកប្រាក់ដែលនឹងត្រូវប្រគល់ជូនប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីមានចំនួនជាង ៧០ពាន់លានរៀល ស្មើនឹងជិត ២លានដុល្លារសហរដ្ឋអាមេរិក៕

Comments

comments