ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ អញ្ជើញ​អាជីវករ​ម្ចាស់​ក្លឹប​កំសាន្ត​ ហាង​ម៉ាស្សា​ ខារ៉ាអូខេ​ សណ្ឋាគារ​ និង​កាស៊ីណូ​ចំនួន​៨៤នាក់​ មក​ចូលរួម​ប្រជុំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់

113

(ព្រះសីហនុ)៖ ​រសៀលថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ​ លោកឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​អាជីវករ​ ម្ចាស់​ក្លឹប​កំសាន្ត​ ហាង​ម៉ាស្សា​ ខារ៉ាអូខេ​ សណ្ឋាគារ​ និង​ កាស៊ីណូ​ ចំនួន​៨៤​នាក់​ មាន​ខ្មែរ ​៦៣នាក់​ ជនជាតិ​ចិន​ ២០នាក់​ និង​ជន​ជាតិ​កូរ៉េ១នាក់​ មក​ចូលរួម​ប្រជុំ​ ក្នុង​គោល​បំណង​ ពង្រឹង​ប្រសិទ្ធ​ភាព​ នៃ​ការ​អនុវត្ត​ច្បាប់​ ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ មិន​ត្រូវ​យក​ទីតាំង​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជា​ដាច់ខាត​។
ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ស្នងការ បាន​មាន​ប្រសាសន៍​លើក​ឡើង​នូវ ​៤​ចំណុច​សំខាន់សំខាន់ៗរួមមាន៖ ១.ការ​ឧទ្ទេសនាម​ ណែនាំ​ឲ្យ​បាន​ស្គាល់​គ្នា​ កុំឱ្យ​មាន​ការ​ភាន់​ច្រឡំ​ សមាសភាព​ថ្នាក់​ដឹកនាំ​នៃ​គណៈ​ស្នងការ ។ ២.សំណូមពរ​ ឲ្យ​អាជីវករ​ទាំង​អស់​ ទាំង​ខ្មែរ​ និង​បរទេស​ ត្រូវ​គោរព​ច្បាប់​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ចំពោះ​អ្នក​ប្រើ​ប្រាស់​​យាន​យន្ត​ ត្រូវ​គោ​រព​ផ្លាក​សញ្ញា​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​។ លោក​ស្នងការ​បាន​បញ្ជាក់​ថា​ ជន​បរទេស​ដែល​ប្រើ​ប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ​ និង​ជន​ខិល​ខូច​ផ្តល់​ឯកសារ​ក្លែងក្លាយ​ឲ្យ​ អ្នក​ទាំង​នោះ​ត្រូវ​មាន​ទោស​ពី​បទក្លែង​ឯកសារ​សាធារណៈ​ ​និង​ប្រើប្រាស់​ឯកសារ​ខុស​ច្បាប់​ ត្រូវ​មាន​ទោស​មិន​អាច​លើក​លែង​បាន​ឡើយ​ ។  ៣.ក្លឹប​ឌីស្កូ​ ខារ៉ាអូខេ​ ត្រូវ​គោរព​ច្បាប់​ទីតាំង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ សុវត្ថិភាព​ ​កម្លាំង​សន្តិសុខ​ឯកជន​ត្រូវ​មាន​ឯក​សារ​អត្តសញ្ញាណ​ប័ណ្ណ​ត្រឹមត្រូវ ​។ ម្ចាស់​អាជីវកម្ម​ មិន​ត្រូវ​ចែកចាយ​ ប័ណ្ណ​រូបភាព​អាស​អាភាស​ មិន​ត្រូវ​ឆ្លៀតឱកាស​ យក​ទីតាំង​ទៅ​រក​ស៊ី​ប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់​ ជួញដូរ​មនុស្ស​ និងជួញដូរប្រើប្រាស់​គ្រឿង​ញៀន​ បើក​បន​ពេស្យាចារ​ជាដាច់​ខាត ។
៤.ត្រូវ​មាន​ការ​យោគ​យល់​ គោរព​ច្បាប់​ទាំង​អស់​គ្នា​ រួម​គ្នា​ការពារ​សុវត្ថិភាព​ សន្តិសុខ​ ដើម្បី​ការពារ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​របស់​យើង​ឲ្យ​មាន​ការ​រីក​ចម្រើន​ មាន​សន្តិសុខ​សណ្តាប់​សុវត្ថិភាព​ល្អ​ ៕

Comments

comments