នោះវីវរហើយ!!! ជន​បរទេស​ណាសុំ​ថតរូប​ជាមួយស្នងការនគរបាលខេត្តព្រះសីហនុ​ទុក​ជា​អនុស្សាវរី​យ៍ហើយ​ឆ្លៀត​យក​រូប​ថត​នោះ​ទៅ​បង្អួត​សមត្ថកិច្ច​ពេល​ដែល​គាត់​ខុស​ច្បាប់​ត្រូវ​តែ​ចាប់​ខ្លួន

521

(ព្រះសីហនុ)៖ ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែងថា​ “ជន​បរទេស​ណា​ដែល​ធ្លាប់​ជួប​លោក​​ ហើយសុំ​ថតរូប​ជាមួយ​ទុក​ជា​អនុស្សាវរី​យ៍ ហើយ​ឆ្លៀត​យក​រូប​ថត​នោះ​ ទៅ​បង្អួត​សមត្ថកិច្ច​ ពេល​ដែល​គាត់​ខុស​ច្បាប់​ ត្រូវ​តែ​ចាប់​ខ្លួន​អនុវត្ត​តាម​ច្បាប់​ជា​បន្ទាន់​មិន​លើក​លែង​បាន​ឡើយ”​

ការព្រមានយ៉ាងម៉ឺងម៉ាត់នេះក្នុងឱកាសដែលលោក​ឧត្តមសេនីយ៍ស្នងការ បានកោះហៅ អាជីវករ​ម្ចាស់​ក្លឹប​កំសាន្ត​ ហាង​ម៉ាស្សា​ ខារ៉ាអូខេ ម្ចាស់​សណ្ឋាគារ​ កា​ស៊ីណូទាំងអស់​ ទាំង​ខ្មែរ​ និង​ ជនជាតិ​ចិន​ ចំនួន​៨៤​នាក់​ចូលរួមក្នុងកិច្ចប្រជុំមួយនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា ឆ្នាំ២០១៨នេះ ។

លោក​ឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថា អាជ្ញាធរ​កម្ពុជា​ មិន​អនុញ្ញាត​ ឲ្យ​ក្រុម​អា​ជីវករ​ណា​ យក​ទីតាំង​របស់​ខ្លួន​ ប្រព្រឹត្ត​បទល្មើស​ ជួញដូរ​គ្រឿងញៀន​ ជួញដូរ​មនុស្ស​ បើក​បន​ពេស្យាចារ​ជា​ដាច់​ខាត ។ ពិសេស​រាល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​គោរព​ច្បាប់​សាធារណៈ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​។ លោក​ឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ជន​ណា​មិន​គោរពច្បាប់​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អាជ្ញាធរ​ខ្មែរ​មិន​ស្វាគមន៍​ឡើយ​ ត្រូវ​តែ​បិទ​អាជីវកម្ម​ ​ហើយ​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់ថែមទៀតផង ។

ប្រភពពីសមត្ថកិច្ចតូចតាចនៅខេត្តព្រះសីហនុ បានថ្លែងប្រាប់អោយដឹងដែរថា កន្លងមកមានជនជាតិបរទេសខ្លះ ជាពិសេសជនជាតិចិនតែម្តងពេលប្រព្រឹត្តបទល្មើសម្តងៗ ហើយសមត្ថកិច្ចឃាត់ធ្វើការត្រួតពិនិត្យតែងតែបង្ហាញរូបភាពថតជាមួយថ្នាក់ដឹកនាំស្នងការខេត្ត ដែលប្រការនេះធ្វើអោយក្រុមមន្រ្តីតូចតាចទាំងនោះយល់ច្រលំថាមេរបស់ខ្លួន ជាអ្នកកាងអោយជនជាតិទាំងនោះ ធ្វើអោយមន្រ្តីតូចតាចទាំងនោះមិនហ៊ានអនុវត្តតាមច្បាប់ ឬតួនាទីរបស់ខ្លួនឡើយ ។ ប៉ុន្តែចាប់ពីពេលនេះតទៅពួកគេលែងខ្លាច ក្នុងការអនុវត្តតួនាទី និងអនុវត្តច្បាប់តទៅទៀតហើយ ៕

 

Comments

comments