រដ្ឋបាលក្រុងព្រះសីហនុចុះរៀបចំសណ្តាប់ធ្នាប់ និងវាស់វែងបាញ់ថ្នាំកំណត់ដីចំណីផ្លូវសាធារណៈនៅទីប្រជុំជនផ្សារទំនប់រលក

348

(ព្រះសីហនុ)៖ តំបន់ផ្សារទំនប់រលក ដែលបង្កការស្ទះចរាចរណ៍រាប់ឆ្នាំមកហើយត្រូវបានរដ្ឋបាលក្រុងព្រះសីហនុចុះរៀបចំសណ្តាប់ធ្នាប់ និងវាស់វែងបាញ់ថ្នាំកំណត់ដីចំណី ផ្លូវសាធារណៈ ដើម្បីអោយបងប្អូនអាជីវកររុះរើឆ័ត្រ កញ្ជ្រែងលក់ តុ កៅអីចេញដើម្បីកុំអោយស្ទះចរាចរណ៍តទៅទៀត ។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមការងារចម្រុះដឹកនាំដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ និងវាស់វែងបាញ់ថ្នាំកំណត់ដីចំណីផ្លូវសាធារណៈ ស្ថិតនៅទីប្រជុំជនផ្សារទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពពីមន្រ្តីដែលបានចូលរួមក្នុងប្រតិបត្តិការនោះបានអោយដឹងថា ក្រុមការងារបានវាស់វែងពីអ័ក្សផ្លូវចំនួន៩ម៉ែត្រ ហើយតម្រូវឲ្យរុះរើចេញ និងហាមមិនឲ្យដាក់សម្ភារៈលក់ដូរ ឬសម្ភារៈអ្វីទៀតឡើយ ដើម្បីសម្រួលចរាចរធ្វើដំណើរទៅមក (រថយន្តធំ-តូច អ្នកថ្មើរជើង…) និងបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ពិសេសដើម្បីសោភ័ណភាពតាមដងផ្លូវផងដែរ ។

ប្រភពដដែលក៏បានអោយដឹងបន្ថែមថា ក្រុមការងារបានកំណត់រយៈពេល​០៣ថ្ងៃ ឲ្យអនុវត្តរុះរើឆ័ត្រ កញ្ជ្រែងលក់ តុ កៅអី..។​ល។ ដែលដាក់លក់ក្នុងប្រវែងកំណត់៩ម៉ែត្រនោះ ត្រូវរើចេញអោយអស់ ។ ហើយជាមួយគ្នានោះប្រជាពលរដ្ឋបានចូលរួមផ្តិតមេដៃចំនួន ៣២ខ្នងផ្ទះ រួមនឹងម្ចាស់ផ្សារ ។

ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះបានសំដែងការសាទរ និងគាំទ្ររពេញទំហឹងចំពោះចំណាត់ការនេះរបស់រដ្ឋបាលក្រុងព្រះសីហនុ ព្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលផ្លូវនេះបង្កអោយមានការស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃធ្វើអោយអ្នកធ្វើដំណើរមានការខាតបង់ពេលវេលា និងប្រេងឥន្ទនៈផងដែរ ៕

 

Comments

comments