​ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងផ្តល់ថវិកា ៥ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមឥណ្ឌូណេស៊ីសម្រាប់ប្រតិបត្តិការជួយអ្នករងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមី

149

(ភ្នំពេញ)៖ ដោយសារគ្រោះធម្មជាតិ និងដើម្បីរួមចំណែកជួយសម្រាលការលំបាកដល់ប្រជាជនឥណ្ឌូនេស៊ី កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នេះ បានចាត់ឱ្យគណៈប្រតិភូ នាំយកសារលិខិតរំលែកទុក្ខ និងថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ទៅប្រគល់ជូនដល់កាកបាទក្រហមឥណ្ឌូណេស៊ី តាមរយៈ លោក ស៊ូឌីរម៉ាន់ ហាសែន (Sudirman Haseng) ឯកអគ្គរដ្ឋទូត ឥណ្ឌូណេស៊ីចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាជនរងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។

នៅក្នុងជំនួបនោះលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់ខ្លួន និងបាត់បង់ជីវិតមនុស្សជារាប់រយនាក់ មនុស្សរាប់សែននាក់បាត់បង់ទីជម្រក និង ខូចខាតទ្រព្យសម្បតិ្តឥតគណនា ដោយសារគ្រោះមហន្តរាយធម្មជាតិ កាលពីពេលកន្លងទៅនេះ។

លោក ស៊ូឌីរម៉ាន់ ហាសែង (Sudirman Haseng) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ គិតគូរ ផ្តល់ថវិកាជួយសម្រាលការលំបាកដល់ប្រជាជន និងប្រទេសឥណ្ឌូណេស៊ី បានទាន់ពេលវេលា។

លោកបន្ថែមទៀតថា ក្នុងនាមអាស៊ានតែមួយ និងមិត្តយូរអង្វែង ដោយឡែក ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី តែងតែជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈមានទុក្ខលំបាក ហើយសង្ឃឹមថា ប្រជាជន និងប្រទេសទាំងពីរ នៅតែបន្តរក្សាបានទំនៀមទម្លាប់ សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ យូរអង្វែងតទៅ ៕

Comments

comments