ខ្ទឹម ស មួយកុងតឺនឺរទម្ងន់២៥តោនមានសារធាតុថ្នាំគីមីកសិកម្មលើសកម្រិតនាំចូលពីចិនត្រូវកាំកុងត្រូលចាប់បានហើយដកហូតយកទៅកំទេចចោល

142

(ព្រះសីហនុ)៖ ខ្ទឹម ស មួយកុងតឺនឺរទម្ងន់២៥តោនដែលមន្ត្រីកាំកុងត្រូលសាខាខេត្តព្រះសីហនុរកឃើញថាមានសារធាតុថ្នាំគីមីកសិកម្មលើសកម្រិត ត្រូវបាននាំយកទៅកំទេចចោលនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ។

លោក ប៉ាន សូរស័ក្ត មានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ខ្ទឹមសខូចគុណភាពទាំងអស់នេះ នាំមកពីប្រទេសចិនតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុរកឃើញ និងឃាត់ទុកនាំយកកម្ទេចចោល ដោយសារថាមានសារធាតុថ្នាំពុលកសិកម្ម Disul foton ដែលជាថ្នាំគីមីបាញ់សម្លាប់សត្វល្អិតកុំអោយបំផ្លាញដំណាំលើសកម្រិតកំណត់ ។

លោករដ្ឋមន្ត្រី បន្ថែមថា អ្នកបរិភោគអាចនឹងជួបបញ្ហាប៉ះពាល់ប្រពន្ធ័សរសៃប្រសាទ និងកើតជាជម្ងឺមួយចំនួនដូចជាក្អួត រាក ញរ័ប្រកាច់ ប្រស្រីភ្នែករួមតូច ពិបាកដកដង្ហើម ហើយក្នុងករណីធ្ងន់ធ្ងរអាចឈានដល់ស្លាប់ផងដែរ ៕

Comments

comments