ដំណឹងដ៏រីករាយ!!! ស្ពានជ្រោយចង្វារគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយ

78

(ភ្នំពេញ)៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដែលបានបើកការដ្ឋានជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នោះត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបន្ទាប់ពីជួសជុលបាន៩៧% ។ នេះបើតាមការអោយដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការជួសជុល ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដោយមានការចូលរួមពីមន្ត្រីក្រសួង តំណាងក្រុមហ៊ុនជួសជុលសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណបច្ចេកទេស ។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អោយដឹងថា ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ ។

ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ៕

Comments

comments