រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរបរិស្ថាន ដាក់ផែនការឲ្យក្រុមហ៊ុនបែកចែកឡានដឹកសំរាម និងកម្មករ ទៅតាមសង្កាត់ទាំង៤ ដើម្បីពន្លឿនការប្រមូល និងដឹកជញ្ជូនសំរាម ឲ្យបានលឿន និងស្អាត

129

(ព្រះសីហនុ)៖ បន្ទាប់ពីកំណើននៃអ្នកវិនិយោគ និងអ្នកប្រកបអាជីវកម្មផ្សេងៗចួលមកបោះទុនរកស៊ីក្នុងក្រុងព្រះសីហនុយ៉ាងគំហុកធ្វើអោយ វិស័យសាធារណៈមានការខ្វះខាតស្ទើរគ្រប់វិស័យដែលគ្រប់គ្នាគិតស្មានមិនដល់ថាកើនឡើងយ៉ាងឆាប់រហ័សហួសពីការរំពឹងទុក ។ ក្នុងនោះសេវាប្រមូលសំរាមក្នុងក្រុងត្រូវបានប្រជាពលរដ្ឋធ្វើការ វាយប្រហារយ៉ាងចាស់ដៃថា មានការយឺតយ៉ាវតែវិក្ក័យបត្រដាច់ខែមិនទាន់ មកដល់មុខផ្ទះបាត់ បើទោះបីជាអាជ្ញាធរ ខិតខំជួយជំរុញអោយក្រុមហ៊ុនអនុវត្តការងាររបស់ខ្លួនអោយបានត្រឹមត្រូវយ៉ាងណាក្តី ។

បើតាមលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះបានអោយដឹងថា ដើម្បីពន្លឿនការប្រមូល និងដឹកជញ្ជូនសំរាម ឲ្យបានលឿន និងស្អាត រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរបរិស្ថាន បានប្រជុំដាក់ផែនការឲ្យក្រុមហ៊ុនបែកចែកឡានដឹកសំរាម និងកម្មករ ទៅតាមសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ។ ដោយក្នុងនោះឡានដឹកសំរាម ចំនួន ៦០គ្រឿង ឡានសាសឺ ៤គ្រឿង និងកម្មករចំនួន ១៥០នាក់ ដែលបានបែងចែកទៅតាមសង្កាត់ទាំង ៤ នៃក្រុងព្រះសីហនុ ដូចខាងក្រោម ៖-សង្កាត់លេខ១ ឡានសំរាម ១១គ្រឿង និងកម្មករ ៣០នាក់។-សង្កាត់លេខ២ ឡានសំរាម ១១គ្រឿង និងកម្មករ ៣០នាក់។-សង្កាត់លេខ៣ ឡានសំរាម ១៩គ្រឿង និងកម្មករ ៣០នាក់។-សង្កាត់លេខ៤ ឡានសំរាម ១៩គ្រឿង និងកម្មករ ៦០នាក់ ។

លោកអភិបាលក្រុងបានបញ្ជាក់អោយដឹងថា៖ ១/ឡានដឹកសំរាមទាំងអស់ នឹងដាក់លេខសម្គាល់ឡានតាមសង្កាត់ និងលេខចំនួនឡានដូចខាងក្រោម៖-ឡានដឹសំរាម សង្កាត់លេខ១ គឺលេខសម្គាល់លេខ I និងលេខចំនួនឡាន ១១គ្រឿង ( ១ ២ ៣……១១ )។-ឡានដឹកសំរាម សង្កាត់លេខ២ គឺលេខសម្គាល់លេខ II និងលេខចំនួនឡាន ១១គ្រឿង ( ១ ២ ៣……១១ )។-ឡានដឹកសំរាម សង្កាត់លេខ៣ គឺលេខសម្គាល់លេខ III និងលេខចំនួនឡាន ១៩គ្រឿង ( ១ ២ ៣……១៩ )។-ឡានដឹកសំរាម សង្កាត់លេខ៤ គឺលេខសម្គាល់លេខ IV និងលេខចំនួនឡាន ១៩គ្រឿង ( ១ ២ ៣……១៩ )។

លោកអភិបាលក្រុងបានបន្ថែមថា បន្ទាប់ពីបែងចែកឡានដឹកសំរាម និងកម្មករទៅតាមសង្កាត់ទាំង៤រួចហើយ ។ ឡានដឹកសំរាម និងកម្មករ ត្រូវបែងចែកបន្តទៅភូមិ។ ដូច្នេះមេភូមិត្រូវទទួលខុសត្រូវតាមដានឡានដឹកសំរាម និងត្រួតពិនិត្យការផ្តល់សេវាដឹកសំរាមជាប្រចាំតាមភូមិរបស់ខ្លួន ។

ប្រជាពលរដ្ឋបានសំដែងការអបអរសាទរ និងគាំទ្ររពេញទំហឹងចំពោះចំណាត់ការរបស់លោកអភិបាលក្រុងព្រះសីហនុដែលបានកំណត់អោយក្រុមហ៊ុនត្រូវអនុវត្តការងាររបស់ខ្លួនអោយបានត្រឹមត្រូវ ។ ប្រជាពលរដ្ឋសង្ឃឹមថា បញ្ហាសំរាមនៅក្រុងព្រះសីហនុ នឹងត្រូវកាត់បន្ថយជាបណ្តើរៗ ហើយនឹងអស់បញ្ហានាពេលអនាគតផងដែរ ៕

 

 

Comments

comments