តំណាងរាស្រ្តបក្សកាន់អំណាច ជាង៣០នាក់ ចុះហត្ថលេខាស្នើធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ

61


លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា  ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ច្រើនជាង៣០នាក់ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយរួចហើយ ហើយសេចក្តីស្នើច្បាប់នេះ ត្រូវបានប្រគល់ជូន គណៈកម្មការជំនាញទី៦របស់រដ្ឋសភា ត្រួតពិនិត្យ។លោក សុខ ឥសាន បានបញ្ជាក់បែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅឯវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដែលពិភាក្សាអំពីរបៀបវារៈចំនួន២ ផ្សេងទៀត។លោក សុខ បាន ថ្លែងថា៖ «យើងបានចុះហត្ថលេខាជាង៣០នាក់ លើសេចក្តីស្នើច្បាប់នេះ ដែលចាត់ទុកជាបានការណ៍ហើយ ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីចាត់តាំងឱ្យគណៈកម្មការជំនាញធ្វើកិច្ចការហ្នឹង»។ លោកបន្តថា គណៈកម្មការអចិន្រ្តៃយ៍ ប្រគល់ជូនគណៈកម្មការទី៦ ត្រួតពិនិត្យ។លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា នៅព្រឹកនេះ បានបញ្ជាក់ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សា និងត្រួតពិនិត្យលើសេចក្តីស្នើ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នាពេលខាងមុខនេះ។សូមបញ្ជាក់ថា ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើឡើង បន្ទាប់ពី មេដឹកនាំកំពូលរបស់ គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃពុធ សប្តាហ៍មុន បានព្រមានជាថ្មីថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា នឹងស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យទណ្ឌិត ឬអ្នកទោស អាចធ្វើសកម្មភាព នយោបាយតាមតែចិត្ត។លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើវាមិនច្បាស់ យើងត្រូវធ្វើឱ្យច្បាស់ តើអ្នកទោសមានសិទ្ធិភ្ជាប់ខ្លួនទៅនឹងគណបក្សនយោបាយដែរឬទេ? ប្រសិនបើវាមិនគ្រប់គ្រាន់ យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីបក្សនយោបាយ ដែលមុននេះមិនតម្រូវឱ្យអ្នកទោស ទទួលតួនាទីជាមួយនឹងឋានៈណាមួយ នៅក្នុងគណៈកម្មាធិការនាយក ឬប្រធានបក្សនោះទេ ប៉ុន្តែឥឡូវនេះការចេញមុខរបស់មនុស្សដែលគ្មានការអៀនខ្មាស់ តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច?»លោកបានរិះគន់បន្ថែមថា «អ្នកទោស វាតែងតែបាត់បង់សិទ្ធិបោះឆ្នោត ចុះហេតុអ្វីអ្នកទោស បែរក្លាយទៅជាអ្នកបង្កសង្រ្គាមដែលបង្កសង្រ្គាមអត់ចេះឈប់។ ខ្ញុំសូមស្នើឱ្យសមាជិក សមាជិការសភានៃគណបក្សប្រជាជនកម្ពុជា ពិនិត្យមើល អាចស្នើសុំធ្វើវិសោធនកម្ម នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលកុំឱ្យអ្នកទោស ធ្វើសកម្មភាពតាមរបៀបនេះ ព្រោះរឿងនេះគឺជារឿងផ្លូវច្បាប់ មិនអាចលេងសើចបានទេ នៅក្នុងដំណើរការប្រជាធិបតេយ្យ»។ទោះជាមិនបញ្ចេញឈ្មោះអំពីទណ្ឌិតដែលធ្វើសកម្មភាពនយោបាយខុសច្បាប់នោះក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទំនងជាសម្តៅទៅលើទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលនិរទេសខ្លួនឯងទៅក្រៅប្រទេស ដែលទើបនឹងបានបង្កើតវីដេអូមួយ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីវាយប្រហារ នឹងលាបពណ៌យ៉ាងធ្ងន់ធ្ងរ ទៅលើគណបក្សប្រជាជនកម្ពុជា ដោយមិនខ្លាចមានទោស។តាមរយៈវីដេអូដែលបង្ហោះនៅលើទំព័រ Facebook នោះ លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋខ្មែរ ឱ្យរួមផុតពីរបបប៉ុលពតថា ជាគណបក្សដែលបង្កើតឡើងដោយវៀតណាម ហើយធ្វើអ្វីៗតាមការបង្គាប់បញ្ជារបស់វៀតណាម។លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រតិកម្មចំពោះការវាយប្រហារនេះ។ លោកចាត់ទុកថា ការវាយប្រហាររបស់ លោក សម រង្ស៊ី គឺជាការជេរប្រមាថលាបពណ៌ ដែលគណបក្សប្រជាជនកម្ពុជា មិនអាចអត់ធ្មត់ និងទទួលយកបានឡើយ ៕

Comments

comments