កម្ពុជានាំចេញជ័រកៅស៊ូ បានជាង១៣ម៉ឺនតោន ទទួលចំណូលបានជាង២០០លានដុល្លារ!

36


(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅ​ស៊ូ បានជាង១៣ម៉ឺនតោន ទទួលបានចំណូលជាង២០០លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានកៅស៊ូ ស្ដីពី ស្ថានភាពការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ ប្រចាំខែតុលា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ដ ។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាប្រមូលផលជ័រកៅស៊ូបានចំនួន ១៣០,៧២៨ តោន បានកើនឡើងចំនួន ៣០,៨៧០តោនស្មើនឹង៣១% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ដោយទទួលបានទឹកប្រាក់ចំនួន ២១៦,២២៤,១១២ដុល្លារ ដែលតម្លៃលក់ជ័រកៅស៊ូ មធ្យមក្នុងរយៈពេល១០ខែគឺ ១,៦៥៤ដុល្លារក្នុង១តោន បានកើនឡើង៥៣៣ ដុល្លារក្នុងតោន។

ដោយឡែករយៈពេល១០ខែ ឆ្នាំ២០១៧ដូចគ្នា ការប្រមូលចំណូលថវិកា សរុបពីថ្លៃឈ្នូលដីរបស់ក្រុមហ៊ុនចម្ភារកៅស៊ូចម្ភារអណ្ដូង មេមត់ ជុប ក្រែក ក្រុមហ៊ុននិហរ័នកៅស៊ូ (និងប្រាក់ពិន័យក្រុមហ៊ុន ចម្ភារកៅស៊ូស្នូល ចម្ភារអណ្ដូង ពាមជាំង ឆ្នាំ២០១៦) បានចំនួន ១,១៩៨,១៣៤,៦៧៤រៀល។ ការប្រមូលចំណូលថវិកាចូលរដ្ឋ ក្នុងខែតុលាឆ្នាំ២០១៧ បានចំនួន ១១១,៧១៨,៩២៨រៀល។

សូមជម្រាបថា ជ័រកៅស៊ូរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជា​បាននាំចេញជ័រកៅស៊ូបានជាង១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ១៨០លានដុល្លារ៕

 

Comments

comments