ស្នងការនគរបាលខេត្តព្រះសីហនុបើកកិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ផែនការ​ ការពារ​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦

155

(ខេត្ត​ព្រះសីហនុ)៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះ​ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ស្នងការនគរបាល​ខេត្ត​​ បាន​បេីកកិច្ច​ប្រជុំ​ជាបន្ទាន់​មួយដើម្បី​ត្រួត​ពិនិត្យ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ នាពេល​ខាង​មុខ​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ស្នងការ​រង​ នាយ​ នាយ​រង​ការិយាល័យ​ អធិការ​អធិការ​រង​នគរបាល​ក្រុង​ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ​។
ឯកឧត្ដម​ជួន​ ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ បាន​មាន​ប្រសាសន៍ ណែនាំ​ឲ្យ​អស់​លោក​ទាំង​អស់​ យល់​ដឹង​អំពី​ច្បាប់​បទបញ្ជា​ នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ និង​ ក្រមសីលធម៌​ សម្រាប់​ភ្នាក់ងារ​សន្តិសុខ ការពារ ការិយាល័យ បោះឆ្នោត។ ក្នុង​នោះ​អស់​លោក​ត្រូវ​យល់ដឹង​អំពី​សិទ្ធិ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​វិន័យ​ក្រម​ សីលធម៌​ ប្រកបដោយ​វិជ្ជាជីវៈ​ មាន​ឆន្ទៈ​ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ ។
ចំពោះ​ការ​ងារ​ប្រចាំថ្ងៃ​ ត្រូវ​ធ្វេី​ការ​បែងចែក​វេន​ ប្រចាំ​ការ​ ប្រចាំ​បញ្ជា​ ឲ្យ​បាន​ល្អ​ ២៤​/២៤ម៉ោង​ ដេីម្បី​ទ្រោល​សភាពការណ៍ ការ​ពារ​សន្តិសុខ​ក្នុង​សង្គម​។
លោក​ស្នងការ​បាន​បញ្ជាក់​ថា៖ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ ខែ​កក្កដា​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ មាន​សារៈសំខាន់​ណាស់​ ដូច​នេះ​យើង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​ឬ​ ជនណា​ មក​អុកឡុក​ រារាំង​ គំរាមកំហែង​ បំភិតបំភ័យ​ដល់​ប្រជា​ពលរដ្ឋ​ បំផ្លាញ​ដល់​ការ​បោះឆ្នោត​ជាដាច់ខាត​។
ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ស្នងការ​បាន​ធ្វើការ​បែងចែក ម៉ូតូ​ម៉ាក​ស៊ុយស៊ូ​គី​ស្មា​ស ចំនួន២៩​គ្រឿង​ ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​២៩​ឃុំ​ សង្កាត់​ទូទាំង​ខេត្ត​ព្រះសីហនុ ដេីម្បីធ្វេីជា​មធ្យោបាយ​បំរេី​ការ​ងារ​។
ក្នុង​នោះ​ដែរ​ លោក​ឧកញ៉ា​ វរសេនីយ៍​ឯក​ឆឹង​ សុខា​ នាយ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គីភ័យ បាន​ជួយ​ឧបត្ថម្ភ មី​ចំនួន​៥០​កេស​ធំ​ ស្មេី​នឹង​ប្រាក់​ចំនួន​១.៥០០​ដុល្លារ​ ជូន​ដល់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដេីម្បី​បែងចែក​ជូន​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ប្រេីប្រាស់​ ក្នុង​ពេល​ប្រចាំការ​ប្រចាំ​បញ្ជា​ផងដែរ​ ៕

Comments

comments