ក្លឹបកំសាន្តដ៏ល្បីប្រចាំក្រុងព្រះសីហនុ ស្កាយឡាញ “Sky Line club” ត្រូវបានបង្ក្រាបហើយ

434

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្លឹបកំសាន្ត ស្កាយឡាញ “Sky Line club” ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥៣នាក់ ក្នុងនោះខ្មែរ ២៤នាក់ ជនជាតិចិន ១០នាក់ ឥណ្ឌូណេស៊ី ១៧នាក់ និងកូរ៉េ ២នាក់ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអោយដឹងថា ប្រតិបត្តិការបង្រ្កាបនេះបានចាប់ផ្តើមធ្វើឡើងកាលពីរំលង​អធ្រាត្រ​​ថ្ងៃទី​១​៦ ​ខែ​សីហា​ ឆ្នាំ​២០១៨​​ រហូតដល់​ម៉ោង​៥​ភ្លឺ​ ថ្ងៃទី​១​៦​ ខែ​សីហា​ឆ្នាំ​២០១៨​ ទើប​បាន​បញ្ចប់​ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ ។

លោក​ឧត្តម​សេនីយ៍​ត្រី ​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួល ផែន​ប្រឆាំង​បទល្មើស​ និង​លោក​វរសេនីយ៍​ទោ ​សួស​ សីលា ​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដែល​បានដឹក​នាំ​កំ​លាំង​ចុះ​ប្រតិបត្តិ​ការ​ផ្ទាល់​ បាន​ឲ្យដឹងថា​ ៖ ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រើប្រាស់​ជាក់​ស្តែង​តែ​ម្តង​ ថ្នាំញៀន​ទាំង​នោះ​ រក​ឃើញ​នៅ​លើ​តុ​ គៀន​ៗ​សាឡុង​អង្គុយ​ ក្នុង​បន្ទប់​ទឹក​ និង​ទី​កន្លែង​ផ្សេង​គ្នា​ ក្នុង​រង្គ​សាល​ ។ ឃាត់​ខ្លូន​ម្ចាស់​ទី​តាំង​ឈ្មោះ​គ្រុយ​ ផាន់​ណា​ ហៅ​អា​ភឿក​អាយុ​៣​៨​ឆ្នាំ​ មាន​ទីលំនៅ ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ មនុស្ស​ចំនួន​៥២ នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គលិក​បំរើ​ការ​ងារ​ក្នុង​កាស៊ីណូ​ ហ្គោល​ឌិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​។ វត្ថុតាងចាប់​យកបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៩កញ្ចប់​ ថ្នាំញៀន​អ៉ិចស្តា​ស៊ី​ទឹក​ ៤ដប​ និង​ អ៉ិចស្តា​ស៊ី​គ្រាប់​ ៣​គ្រាប់​ ។

បុរស​ម្នាក់​ក្នុង​ចំណោម​ មនុស្ស​៥៣​នាក់​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា៖ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​ ។ ក្រោយពេល​ធ្វើតេស្ដ​ អ្នក​ទាំង​អស់​ មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន។ បច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

 

Comments

comments