(ព្រះសីហនុ)៖ អ្នកសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវ និងលើអូរនៅក្រុងព្រះសីហនុនឹងត្រូវបានរដ្ឋបាលក្រុងព្រះសីហនុធ្វើការកំទេចចោលដោយប្រើគ្រឿងចក្រ ដោយមិនលើកលែងឡើយដើម្បីរក្សាសោភ័ណ្ឌភាព បរិស្ថាន ទីក្រុងស្អាត សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ។
បើតាម Facebook ផ្លូវការរបស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨បានប្រកាសថា “ថ្ងៃ ( ៣០/០៨/២០១៨ ) នេះ រដ្ឋបាលក្រុងព្រះសីហនុ រកបានឡានអាអ៊ិចកង់កៅស៊ូ ១គ្រឿង សម្រាប់ទុកកម្ទេចសំណង់ឥដ្ឋ សំណង់គ្រោងដែក និងសំណង់ឈើ ដែលសាងសង់រំលោភលើចិញ្ចើមផ្លូវ និងនៅលើអូរហើយ” ។
លោកអភិបាលក្រុងបានបញ្ជាក់ថា “ចាប់ពី ០១/០៩/២០១៨ តទៅឡានអាអ៊ិចកង់កៅស៊ូនេះ នឹងប្រើដើម្បីកម្ទេចសំណង់ណាដែលសាងសង់រំលោភលើចិញ្ចើមផ្លូវ និងលើអូរ បន្ទាប់ពីក្រុមការងារក្រុង និងមន្ទីរជំនាញ ចុះវាសវែង និងធ្វើកំណត់ហេតុ ចំនួន ២ដង ណែនាំឲ្យម្ចាស់រុះរើដោយខ្លួនឯង ប៉ុន្តែបែរជាម្ចាស់មិនព្រមរុះរើដោយខ្លួនឯង នោះក្រុមការងារ នឹងប្រើវិធានការរដ្ឋបាលយកឡានអាអ៊ិចនេះ កម្ទេចសំណង់នោះ ដោយមិនយោគយល់ និងទទួលខុសត្រូវនូវការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិបងប្អូនម្ចាស់សំណង់ឡើយ” ។
លោកអភិបាលក្រុង ក៏បានស្នើ “សូមបងប្អូនប្រជាពលរដ្ឋ កុំសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវ និងលើអូរបន្ថែម និងសូមចូលរួមសហការជាមួយក្រុមការងារក្រុង និងមន្ទីរជំនាញ រុះរើ និងកម្ទេចសំណង់ដែលសាងសង់រំលោភលើចិញ្ចើមផ្លូវ និងអូរ ដោយខ្លួនឯង បើមិនដូច្នោះទេ ក្រុមការងារនឹងប្រើឡានអាអ៊ិចនេះកម្ទេចហើយ” ។
** សូមបញ្ជាក់ជូន ៖ ឡានអាអ៊ិចនេះ រដ្ឋបាលក្រុង បានខ្ចីបណ្តោះអាសន្នពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្នុងអន្តរកាល ដែលរដ្ឋបាលក្រុង មិនទាន់រកទិញបានឡានអាអ៊ិចកង់កៅស៊ូដោយខ្លួនឯង ។
ផ្តើមចេញពីបញ្ហានេះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងរង់ចាំមើលយ៉ាងអន្ទះសារថា តើសំណង់គ្មានច្បាប់ណាដែលនឹងត្រូវ គ្រឿងចក្រនេះកំទេចមុនគេ ព្រោះហេតុថា សព្វថ្ងៃនេះបន្ទាប់ពីជនជាតិចិនបានចូលមកបោះទុនវិនិយោគក្នុងខេត្តព្រះសីហនុយ៉ាងគំហុក ធ្វើអោយវិស័យសំណង់ មានការរីកដុះដាលយ៉ាងខ្លាំងមានដូចជា សណ្ឋាគារលំដាប់ផ្កាយ កាស៊ីណូ ផ្សារទំនើប ខារ៉ាអូខេជាដើម ហើយក្នុងនោះក៏មានសំណង់ឥតច្បាប់របស់ជនជាតិចិនមួយចំនួនខ្លះ ធ្វើអាជីវកម្មខ្នាតតូច ឬមធ្យមមួយចំនួនក៏បានលួចសាងសង់ដោយឥតច្បាប់ផងដែរ ដែលបញ្ហានេះបានធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណ្ឌទីក្រុងជាដើម ។ នេះជាមូលហេតុដែលធ្វើ់អោយមានការរិះគន់ធ្ងន់ៗមកលើអាជ្ញាធរខេត្តក្រុងព្រះសីហនុថាដឹកនាំមិនបានល្អ ។
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសំដែងការសាទរ និងគាំទ្ររ ហើយសង្ឃឹមយ៉ាងម៉ុតម៉ាំថា លោកអភិបាលក្រុងវ័យក្មេង រូបនេះនឹងធ្វើការវាយកំទេចសំណង់ឥតច្បាប់អស់ទាំងនេះចោលដើម្បីធ្វើអោយទីក្រុងព្រះសីហនុមានសោភ័ណ្ឌភាពឡើងវិញដើម្បីអោយស្របទៅនឹងការទទួលបានពានរង្វាន់ផ្ការំដួល ៣ទង ពីពេលកន្លងទៅ ៕