(ព្រះសីហនុ)៖ យោងតាមរបាយការណ៍បូកសរុបការងារ៩ខែឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលអានដោយលោកឧត្តមសេនីយ៍ត្រី អ៊ឹម វលក្ខណ៍ ស្នងការរង និងជាប្រធានសេនាធិការ បានអោយដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើង ចំនួន ៦៦លើក ក្នុងនោះបទល្មើសឧក្រិដ្ឋ ១៨/១១លើក បទល្មើសមជ្ឈឹម៤៨/៤៤លើក លទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បង្រ្កាបបទល្មើសព្រហ្មទណ្ឌបានចំនួន៦៦ករណី ស្មេីនឹង១០០% ឃាត់ខ្លួនជនសង្ស័យ ចំនួន១៣៧នាក់ បទល្មើសឧក្រិដ្ឋ១៨ ករណីឃាត់ខ្លួន៣២នាក់ បទល្មើសមជ្ឈឹម៤៨ករណី ឃាត់ខ្លួន១០៥នាក់។ បទល្មើសខាងលើ បណ្ដាលឲ្យស្លាប់មនុស្ស៤នាក់ រងរបួស១៣នាក់ និងបាត់បង់សម្ភារៈមួយចំនួន ។ ការថ្លែងអោយដឹងបែបនេះគឺក្នុងពិធី បើកកិច្ចប្រជុំបូកសរុបការងារ៩ខែ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំង ធ្វើពិធីប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំនួន១៣៥នាក់ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី អ៊ឹម វលក្ខណ៍ ក៏បានអោយដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៥៧/១៥៨លើក បណ្ដាលឲ្យស្លាប់មនុស្ស៩៧នាក់/៤៨ នាក់ ប្រៀបធៀបទៅនឹងរយៈពេល៩ខែឆ្នាំ២០១៧ មានការកើនឡើង៤៩នាក់ រងរបួស ២៥៩ នាក់ ខូចខាតរថយន្តចំនួន១៣៨ គ្រឿង និង ម៉ូតូ១២៨គ្រឿង ។
គ្រោះថ្នាក់អគ្គីភ័យ កើតឡើង១៥/១៦លើក មានការថយចុះ១លើក បណ្ដាលឲ្យឆេះផ្ទះ១២ខ្នង បន្ទប់ផ្ទះសំណាក់៤បន្ទប់ តូបកាត់សក់១ រថយន្ដ៤គ្រឿង រោងសិប្បកម្មផលិតទឹកកក១ ស៊ីទែនប្រេង១ ម៉ាស៊ីនភ្លើង១ ទូរ ATM១ និងស្លាប់មនុស្សម្នាក់ ។
ក្នុងកិច្ចប្រជុំ ក៏បានធ្វើពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិចំនួន១៣៥ នាក់ ក្នុងនោះថ្នាក់វរសេនីយ៍ត្រី៤០នាក់ ថ្នាក់អនុសេនីយ៍ឯក៤៨នាក់ ថ្នាក់អនុសេនីយ៍ទោ៣៥នាក់ ថ្នាក់អនុសេនីយ៍ត្រី១១នាក់ និង ថ្នាក់ព្រិន្ទបាលឯក១ នាក់។ តែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ មួយរូប ដែលត្រូវជំនួសនាយប៉ុស្តិ៍មុន ត្រូវចូលនិវត្តន៍។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះបងប្អូនយើងទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាសំរេចបានជោគជ័យកន្លងមក ព្រមទាំងផ្តាំផ្ញើរ ឲ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យ ត្រូវមានស្មារតី សាមគ្គីភាពឯកភាពផ្ទៃក្នុង ពេលបំពេញការងារត្រូវ មានឆន្ទៈ ប្រកបដោយសីលធម៌ល្អ សាកសមជាបំរើប្រជាពលរដ្ឋ ។
ក្នុងនោះដែរលោកស្នងការ បានថ្លែងកោតសរសើរ ចំពោះមុខលោកអនុសេនីយ៍ឯក ខៀវ វន្ថា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ត្រូវចូលនិវត្តន៍ ដែលកន្លងមកលោកខៀវ វន្ថា មានស្នាដៃល្អ ក្នុងការដឹកនាំការងារ កិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម មិនដែលលេចចេញនូវបាតុភាពណាមួយ ធ្វើឲ្យថ្នាក់ដឹកនាំ ពិបាកដោះស្រាយឡើយ។
ក្នុងឱកាសនោះលោកស្នងការ បានជួយឧបត្ថម្ភថវិកា ជូនលោកខៀវ វន្ថា ចំនួន២លានរៀល។ ឧបត្ថម្ភ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល ២៩ប៉ុស្តិ៍ ក្នុង១ប៉ុស្តិ៍ទទួលបានមី១កេសធំ និងភេសជ្ជៈមួយចំនួន អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទទួលបាន មី៤កេសធំ និងភេសជ្ជៈ ស្រុកកំពង់សីលា និងស្ទឹងហាវ ទទួលបានមី២កេសធំ និងភេសជ្ជៈ ព្រមទាំងត្រីខ ទឹកស៊ីអ៊ីវមួយចំនួន ៕