លោក អេង ហ៊ី៖ មន្ត្រីអាវុធហត្ថម្នាក់ និងយោធាម្នាក់ ត្រូវបានកសាងសំណុំរឿងទៅតុលាការ ដោយសារប្រើអំពើហិង្សាលើពលរដ្ឋមានទំនាស់ដីធ្លីនាខេត្តព្រះសីហនុ

166
(ព្រះសីហនុ)៖ មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី មានប្រសាសន៍ថា ករណី​កម្លាំង​ចម្រុះចូលរួមអនុវត្តសាលដីកា របស់តុលាការកំពូល ទាក់ទិនទៅនឹងដីធ្លី ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលឈានដល់កើតមានអំពើហិង្សា រហូតធ្វើអោយកម្លាំងចម្រុះ​ផ្ទុះ​អាវុធ ដើម្បីបំបែកការប្រមូលផ្តុំតវ៉ា​របស់ប្រជាពលរដ្ឋនោះ ។ លោកថា ពេលនេះ មានមន្ត្រីអាវុធហត្ថម្នាក់ និង​យោ​ធិន​ម្នាក់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស និងមន្ត្រីកងរាជ​អាវុធហត្ថ​មួយ​ចំនួន​ទៀតត្រូវទទួលពិន័យ។

លោក អេង ហ៊ី ​ឲ្យដឹងដូច្នេះ ​នៅក្នុង​សន្និសីទកាសែតសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នាទី​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ពាក់ព័ន្ធសកម្មភាពចុះសហប្រតិបត្តិការ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងការចូលរួមអនុវត្ត សាល​ដីកា របស់តុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលឈានដល់​ប្រជាពលរដ្ឋគប់ដុំថ្ម ដបសាំង ដុតកង់ឡាន និងឈាន​ដល់​កម្លាំង​ចម្រុះ​ផ្ទុះអាវុធ ដើម្បីបំបែកហ្វូងប្រមូលផ្តុំតវ៉ា របស់ប្រជាពលរដ្ឋនោះ។

​ចំណុចនេះ លោកឧត្តម​សេនីយ៍ត្រី អេង ហ៊ី បំភ្លឺថា ក្រោយ​កម្លាំងជំនាញ បានចុះស្រាវជ្រាវល្អិនល្អន់រួចមក គឺ ក្រុមប្រឹក្សាវិន័យ របស់កង​រាជអាវុធ​ហត្ថ លើផ្ទៃប្រទេស ក៏បានសម្រេចដាក់​វិន័យទៅលើមន្ត្រីកងរាជអាវុធហត្ថចំនួន៥នាក់ រួមមាន៖

ទី១- លោកវរ​សេនីយ៍​ឯក ប៉ែន វិបុល ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែល​មានកំហុសក្នុង​ការគ្រប់​គ្រង​បញ្ជាធ្វេសប្រហែស ក្នុងការបញ្ជាកងកម្លាំង ហើយគាត់មិនចាត់វិធានការនៅពេលឃើញ មានអំពើហិង្សា ដែល​កម្លាំងកងរាជអាវុធហត្ថ និងយោធិន ភ្លាមៗទេ ព្រោះក្នុងនាមយើងជាមន្ត្រីប្រតិបត្តិច្បាប់ គឺត្រូវតែឃាត់ រាល់​សកម្មភាពប្រើហិង្សាទាំងឡាយ ដែលមន្ត្រីក្រោមឱវាទខ្លួនប្រព្រឹត្តខុសឆ្គង។ ប៉ុន្តែផ្ទុយទៅវិញ លោក ប៉ែន វិបុល គាត់បែរជាមិនបានឃាត់នោះទេ។ រឿងនេះ រូបគាត់ខ្លួនឯងជាអ្នក​ទទួលទោស ដោយត្រូវ​ក្រុមប្រឹក្សា​វិន័យ បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យពាក់ព័ន្ធ​ការធ្វើ “ការបន្ទោស​ដោយលក្ខខណ្ឌអក្សរ”។

ទី២- លោកព្រឹន្ទ​បាលទោ សុខ ធារិទ្ធ ជាសមាជិក កងរាជអាវុធហត្ថ នៅខេត្តព្រះសីហនុ គឺជាបុគ្គលឃើញ​នៅក្នុងរូបភាព ដែលធាក់បុគ្គលម្នាក់ទាំងដៃជាប់ចំណង។ អីចឹងកំហុស​គាត់ គឺប្រើហិង្សា​ក្នុងពេលប្រតិបត្តិការ ហើយត្រូវ​ដាក់វិន័យ គឺផ្អាកតំណែងក្នុងជំហានដំបូង ចាប់តាំងពីថ្ងៃប្រព្រឹត្ត។ ហើយជំហានបន្ទាប់​នឹងប្តឹង​ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី។ ប៉ុន្តែចំណុចនេះ លោក អេង ហ៊ី បញ្ជាក់ថា រឿងតុលាការឃុំខ្លួន ឬបែប​ណានោះ គឺ​ជាសិទ្ធសម្រេច របស់តុលាការ គឺផុតដៃសមត្ថកិច្ចកងរាជអាវុធហត្ថហើយ។

ទី៣- លោក ពុធ ចាន់ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺរូបគាត់មិនបានប្រើហិង្សាទេ ប៉ុន្តែគាត់នៅ​ជាប់​កន្លែងកើតហេតុមានហិង្សា​ហ្នឹងដែរ។ ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ រូបគាត់ ក៏​បានឃើញសកម្មភាព​ហឹង្សា​ផ្ទាល់ភ្នែកហើយ បែរជាមិនឃាត់ខ្លួនបុគ្គលដែលប្រើហិង្សា នោះ គឺទទួលវិន័យ​ជាលាយលក្ខណ៍អក្សរ។

ទី៤- លោក សេក កុម្ភៈ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនគោរពបទបញ្ជា ដោយធ្វើ​ការ​ផ្ទុះអាវុធម៉ាកអាកា ហើយបានបាញ់ឡើងលើចំនួន៤គ្រាប់ គឺត្រូវទទួលវិន័យជាលាយលក្ខណ៍អក្សរ

និង​ទី៥- លោក ស៊ឹម វាសនា ជាជំនួយការការិយាល័យ និងជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ រូប​គាត់​ក៏​មិនគោរពដោយជាក់លាក់នូវបទបញ្ជា ហើយបានផ្ទុះអាវុធខ្លីម៉ាកសេអេស៩៨ ដោយបាញ់ឡើង​លើ​ចំនួន​២គ្រាប់។

​លោក អេង ហ៊ី ​ឲ្យដឹងដូច្នេះ រួចបន្តថា ហេតុអ្វីបានយើងដឹងអំពីការផ្ទុះអាវុធ ហើយដឹងពីការបាញ់កាំភ្លើង របស់​កម្លាំងកងរាជអាវុធហត្ថខាងលើនេះ ដោយសារតែក្រោយពេលបញ្ចប់ប្រតិបត្តិការ យើងបានធ្វើ​ការត្រួត​ពិនិត្យ នូវអាវុធទាំងអស់ ដោយសារអាវុធ និងគ្រាប់ របស់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវបាន​ចុះ​បញ្ជីត្រឹមត្រូវ។

លោកថា នៅក្នុងប្រតិបត្តិការចូលរួមអនុវត្តសាលដីកាតុលាការកំពូល កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ គឺមានកងកម្លាំងរាជអាវុធហត្ថ ១០០នាក់ ហើយមានអាវុធវែង១០ដើម និង​មាន​អាវុធខ្លី៦ដើម។

យ៉ាងនេះក្តី លោក អេង ហ៊ី ថ្លែងការពារកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុថា ចំពោះក្បាលគ្រាប់ ដែល​បាញ់​ត្រូវជនរងគ្រោះនោះ គឺជាប្រភេទអាវុធខ្លីម៉ាក​កា៥៩ ។ ហើយថា ចុងគ្រាប់ ដែលបាន​វះយកចេញពី​ខ្លួន​ជនរងគ្រោះ គឺជាប្រភេទចុងគ្រាប់កែច្នៃ។ ចំណែកអាវុធខ្លីចំនួន៦ដើម របស់កងរាជអាវុធហត្ថ លោក អេង ហ៊ី អះអាងថា នៅពេលកម្លាំងជំនាញបានយកទៅបាញ់ធ្វើតេស្តរកក្បាលគ្រាប់ និងបានយកក្បាល​គ្រាប់ទៅ​កោ​សល្យ​វិច័យ គឺពុំមានលក្ខណៈ ដូចគ្នាក្បាលគ្រាប់ ដែលបាញ់ត្រូវជនរងគ្រោះនោះទេ ហើយគ្រាប់ ដែល​បាញ់​ត្រូវ​ជនរងគ្រោះ គឺជាប្រភេទក្បាលគ្រាប់​អាវុធខ្លីម៉ាក កា​៥៩កែឆ្នៃ។ ​ចំណុចនេះ លោក អេង ហ៊ី ​ថ្លែង​បដិសេធន៍​ថា “គ្រាប់កាំភ្លើងដែលត្រូវជនរងគ្រោះនោះ គឺមិនមែន​បាញ់ចេញពីកាណុង​កាំភ្លើង របស់កម្លាំង​កង​រាជ​អាវុធហត្ថខេត្តព្រះសីហនុ​នោះទេ “។

បញ្ហានេះ​លោក​ថា ក្រុមប្រឹក្សាវិន័យ បានដាក់ទណ្ឌកម្មមន្ត្រីអាវុធហត្ថចំនួន ៥នាក់ ក្នុងនោះមានមួយរូប មាន​ឈ្មោះ លោក សុខ ធារិទ្ធ ត្រូវ​កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការផ្តន្ទាទោស ដោយសាររូប​គាត់​បាន​ប្រើ​ហិង្សា ទៅលើប្រជាពលរដ្ឋម្នាក់ ដែល​ចង​ដៃទាំងពីរទៅក្រោយខ្នង ឬចងស្លាប​សេកដេកពោបលើដី​។ ចំណែក​យោធិនមួយរូបទៀត ដែលយកអាវុធអាកាបត់ ទៅវាយសំពង​បុរស​ម្នាក់ នៅក្នុងពេល​មានហិង្សា​នោះ​ដែរ ក៏​ត្រូវ​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដូចគ្នា​។ ហើយថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាង​លើ​នេះ គឺកំពុងស្ថិតក្នុងការគ្រប់គ្រង របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោក អេង ហ៊ី បានឲ្យដឹងដែរថា ​​ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង ហើយកំពុងសម្រាកព្យាបាល ជំងឺនៅ​មន្ទីរពេទ្យនោះ ពេលនេះបានធូរស្បើយខ្លះៗហើយ ប៉ុន្តែអវៈយវៈផ្នែកខាងក្រោម របស់ជនរងគ្រោះ ​មិនទាន់​អាច​ធ្វើចលនាបានទេ។ ហើយថា ករណីនេះ​ក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់ក្នុងការព្យាបាលជនរងគ្រោះ។
បញ្ហានេះ ​លោក អេង ហ៊ី បញ្ជាក់ថា តាមចម្លើយសារភាព របស់មន្ត្រីកងរាជអាវុធហត្ថ​ និងយោធិន​ ដែល​ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅកាន់តុលាការនោះ គឺអ្នកទាំងពីរ​និយាយថា ពេលនោះ​ពួកគេមានកំហឹង ខ្លាំង​ដោយ​សារតែប្រជាពលរដ្ឋបាន​បាញ់ចម្ពាមកៅស៊ូ និងគប់ដុំថ្មត្រូវចំពួកគាត់ ទើប​​បានប្រើអំពើហិង្សាតប​ទៅទៅ​វិញ​តែម្តង។
ចំណុចនេះ ថ្លែងក្នុងសន្និសីទកាសែត លោក អេង ហ៊ី ​ក៏បាន​សុំទោសជាសាធារណៈ ជំនួសឲ្យមន្ត្រីអាវុធហត្ថ និងយោ​ធិនទាំងពីរ​រូប ជូនចំពោះជនរងគ្រោះ ដែលបានប្រព្រឹត្តសកម្មភាពមិនគប្បី និងខុសវិន័យ របស់​កង​កម្លាំង​។ លោកបន្តថា ជាបន្តបន្ទាប់មកនេះ កងកម្លាំងទាំងអស់ បានឆ្លងកាត់ការអប់រំជាច្រើន​ ជាពិសេស​រូប​លោក និងក្រុមការងារ ក៏បានចុះអប់រំផ្ទាល់ នៅទូទាំងប្រទេស ​ដោយបានណែនាំដល់ពួកគាត់ត្រូវ​យកតួ​នាទី ទៅ​បម្រើប្រជាជន ឬប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ហើយត្រូវ​ចាត់ទុកប្រជាជនជាម្ចាស់ ព្រោះ​ដោយ​សារតែ​ប្រជា​ពលរដ្ឋ គឺជាអ្នកបង់ពន្ធជូនរដ្ឋ ដើម្បី​បានលុយ យកមកបើកប្រាក់ខែ​ឲ្យកង​កម្លាំង​​ជារៀង​រាល់ខែ​។ ដូច្នេះ​មន្ត្រីអាវុធហត្ថត្រូវតែបម្រើពលរដ្ឋឲ្យបានល្អ។

ចំណែកលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ឯណោះវិញ នាពេលកន្លងមកធ្លាប់ថ្លែងបកស្រាយថា ចំពោះ​ចុងគ្រាប់កាំភ្លើង ដែលត្រូវជនរងគ្រោះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ទំនង​ជា​កាំភ្លើង​ដែល​សមត្ថ​កិច្ច​បាញ់ឡើងទៅលើមេឃនោះ ពេលចុងគ្រាប់ធ្លាក់មកវិញ ក៏ត្រូវប្រជាពលរដ្ឋដោយចៃដន្យ។ លោក​ថា «ពេលនោះ មានអំពើហិង្សាកើតឡើង ដោយកម្លាំងចម្រុះបាន​ផ្ទុះអាវុធ​បាញ់​ឡើង​ទៅ​លើ ប្រមាណ២០គ្រាប់ ហើយ​ទំនង​ជា​​នៅពេលគ្រាប់ធ្លាក់ចុះមកវិញ ក៏ធ្លាក់ត្រូវមនុស្សតែម្តង​» ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះត្រូវគ្រាប់កាំភ្លើង នៅក្នុងហេតុការខាងលើ មានឈ្មោះ ពៅ សារ័ត្ន គឺត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង ពេលជនរងគ្រោះរូបនេះ និងពលរដ្ឋច្រើននាក់ទៀត ស្ថិតក្នុងហេតុការណ៍តវ៉ា​​លើ​ករណីវីវាទដីធ្លី​ជាមួយ​ភាគី​ប្រជាពលរដ្ឋផ្សេងទៀត ដែលឈ្នះក្តីនៅប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ ។

ក្រោយហេតុការណ៍នេះបានស្ងប់ស្ងាត់គេឃើញថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមមានលោក ចេវ គឹមហេង អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ រួមនិងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសាកសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ រាជធានីភ្នំពេញផងដែរ ។

ចំណុចនេះ លោក ផៃ ប៊ុនវណ្ណៈ ដែលតាំងខ្លួនឯង ដូចមានជំនាញច្បាស់លាស់ខាងអាវុធជាតិផ្ទុះផងនោះ កន្លងមករូបលោកធ្លាប់អះអាងថា គ្រាប់កាំភ្លើង​ដែលត្រូវជនរងគ្រោះរូបនោះ អាចជា​គ្រាប់​កាំ​ភ្លើង​​​ប្រភេទ​ឡុក ដែល​​មិនមែនជាគ្រាប់កាំភ្លើង របស់សមត្ថកិច្ចឡើយ​។ លោក ផៃ ប៊ុនវណ្ណៈ បានដាក់ការសង្ស័យថា ក្នុង​អំឡុងពេល កើតមានចលាចល និងមានសកម្មភាព​ប្រទូស​រ៉ាយ ​រវាង​ប្រជា​ពលរដ្ឋ និងកម្លាំង​សមត្ថកិច្ច ចម្រុះ ​ទំនង​ជាអាចមានជនបាតដៃទី៣ ​បានឆ្លៀតឱកាសបាញ់ប្រហារ មកលើប្រជាពលរដ្ឋ ដើម្បីទម្លាក់កំហុស​ទៅ​លើ​កម្លាំង​សមត្ថកិច្ច។

យ៉ាងនេះក្តី បើផ្អែកតាមរូបភាព​នៅក្នុងវីដេអូឃ្លីបមួយចំនួន ដែលត្រូវបាន​អ្នកប្រើប្រាស់បណ្តាញ​សង្គម​ហ្វែស​ប៊ុក​បង្ហោះ បង្ហាញថា មានកម្លាំង​កងរាជអាវុធហត្ថម្នាក់ និងយោធាម្នាក់ បានប្រើអំពើហិង្សា ទៅ​លើ​ប្រជា​ពលរដ្ឋ​។ ​ក្នុងនោះ​មានកម្លាំងយោធាម្នាក់ បានយកកាំភ្លើង ទៅវាយ​ខ្នង​​​​ពលរដ្ឋម្នាក់ ដែលអង្គុយលុតជង្គង់ ដោយ​ដៃទាំង២​ត្រូវបានចងស្លាបសេក និងកម្លាំងកងរាជអាវុធហត្ថម្នាក់ទៀត បានយក​ជើងធាក់​ជាន់ទៅ​លើ​ពលរដ្ឋ​ម្នាក់​ទៀត ដែលដៃ​ទាំង​ពីរ ក៏ត្រូវចងស្លាបសេក ហើយដេកពោបនៅលើដី។

គួររំលឹក​ថា​​ កាលពីថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ កម្លាំងចម្រុះខេត្តព្រះសីហនុ រួមមានកម្លាំងនគរបាល កម្លាំង​កងរាជអាវុធហត្ថ និងកម្លាំងយោធា បាន​ចូលរួមអនុវត្តសាលដីកា របស់​តុលាការកំពូល ទាក់ព័ន្ធករណីដីធ្លី មាន​ទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ មានទីតាំងជាប់របងវត្តអូរត្រេះ ឬតំបន់ពយម៉ាចូវ ចុងឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។ អំឡុងពេលនោះ ក៏មានការប្រឈមដាក់គ្នា រវាងកម្លាំងសមត្ថកិច្ចចម្រុះ ជាមួយ​ប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាតវ៉ាលើករណីវិវាទដីធ្លី នៅតំបន់នោះ។ បន្តបន្ទាប់មក ក៏បាន​កើតមាន​អំពើ​ហិង្សា និងឈានដល់កម្លាំងចម្រុះផ្ទុះអាវុធ ហើយមានប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ។

រហូតមកដល់ពេលនេះ ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរបានស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែក្នុងចិត្តរបស់ប្រជាពលរដ្ឋប្រហែលមិនទាន់បញ្ឈប់ការតវ៉ាររបស់ខ្លួនឡើយនាពេលអនាគត ព្រោះពួកគាត់ទាំងនោះយល់ថា សាលដីការរបស់តុលាការកំពូល ដែលឲ្យពួកគាត់ចាញ់ក្តី ថាជារឿងអយុត្តិធម៌ ។

ជុំវិញបញ្ហាទំនាស់ដីធ្លីដ៏ស្មុគស្មាញនេះគេកំពុងរង់ចាំមើលថាតើ អាជ្ញាធរខេត្តនិងស្ថាប័នច្បាប់ នឹងត្រូវដោះស្រាយបញ្ចប់របៀបណា បើបញ្ហាកើតឡើងកន្លងមករ៉ាំរ៉ៃជាយូឆ្នាំមកហើយ ៕ 

 

Comments

comments