(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និង ផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលនានាទូទាំងខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី អ៊ឹម វលក្ខណ៍ ស្នងការរង នឹងជានាយសេនាធិការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ ជូនអង្គពិធីថា៖ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ១០៥លើក/៨៤លើក (មានការកើនឡើងចំនួន ២១លើក ស្មើនិង២៥%) ក្នុងនោះមាន ៖-បទល្មើសឧក្រិដ្ឋកើតឡើង២៩ លើក/២៥លើក (មានការកើនឡើង៤លើក) ។ -បទល្មើសមជ្ឈឹម កើតឡើង ៧៦លើក/៥៩លើក (មានការកើនឡើង១៧លើក) ។ -បទល្មើសខាងលើបណ្ដាលឲ្យស្លាប់មនុស្ស ៥នាក់(ស្រី) រងរបួសមនុស្ស ២១នាក់ ស្រី៣នាក់ បាត់ម៉ូតូ ចំនួន ២គ្រឿង និងសម្ភារៈផ្សេងជាច្រើនទៀត ។ -លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសបានចំនួន ១០៣ស្មើនឹង៩៨% ករណី ឃាត់ខ្លួន ចំនួន ២៣៥នាក់ ក្នុងនោះមាន៖ បទល្មើសឧក្រិដ្ឋ ចំនួន២៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧៣នាក់ មានជនបរទេស ចំនួន ៤៨នាក់ (ចិន) ។ បទល្មើសមជ្ឈឹម ចំនួន ៧៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៦២នាក់ ជនបរទេស ចំនួន៤៧នាក់ មាន៤សញ្ជាតិ(ចិន, អាល្លឺម៉ង់,កាហ្សាស្តង់ និង ឥណ្ឌា) ។ ករណីខាងលើ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង ។
លោកឧត្តមសេនីយ៍ត្រី អ៊ឹម វលក្ខណ៍ បានរាយការណ៍បន្តថា -គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ២១៨ លើក/២១៣លើក (បង្កដោយជនបរទេសចំនួន៣០ករណី បង្កដោយជនជាតិចិនចំនួន ២៤ករណី) ។ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១៣៣នាក់ ស្រី២៥នាក់ រងរបួស ចំនួន៣៤៩នាក់ ស្រី១០៣នាក់ (រងរបួសធ្ងន់១៧១នាក់ ស្រី៣២នាក់) ។ -គ្រោះថ្នាក់អគ្គីភ័យកើតឡើង ចំនួន២០លើក/១៩លើក បណ្ដាលឲ្យឆេះផ្ទះអស់១១ខ្នង ឆេះរោងចក្រផលិតទឹកកក១កន្លែង, ឆេះបន្ទប់ផ្ទះសំណាក់ ៤បន្ទប់ និងឆេះរថយន្តអស់៨គ្រឿង គ្រោះថ្នាក់ខាងលើ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ឡើយ ។
ក្នុងឱកាសនោះដែរ អស់លោកជាថ្នាក់ដឹកនាំ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល អធិការនគរបាលក្រុងស្រុក និងលោកស្នងការរង បានឡើងធ្វើបទអន្តរាគមន៍ជាបន្តបន្ទាប់ លើកឡើងអំពីចំណុចវិជ្ជមាន និងអវិជ្ជមាន ធ្វើជាបទពិសោធន៍ ដើម្បីរិះរកវិធានការគន្លឹះ ឲ្យកិច្ចប្រតិបត្តិថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមឲ្យកាន់តែល្អប្រសើរឡើង ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានឡើងមានប្រសាសន៍ ណែនាំមួយចំនួន ឱ្យអស់លោកទាំងអស់ ខិតខំប្រឹងប្រែង បំពេញការងារ ឲ្យបានល្អ គោរពតាមផែនការ និង បទបញ្ជា របស់ថ្នាក់លើ តាមឋានានុក្រម មានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ធ្វើការប្រកបដោយឆន្ទៈ និងការទទួលខុស ៕