(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បាននិមន្តយាងដឹកនាំ សម្ដេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃចំនួន៦៧អង្គ ថ្វាយព្រះជ័យមង្គលពរចំពោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមវិសេសថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនៈមង្គលគម្រប់៦៦ យាងចូល ៦៧ព្រះវស្សា នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ សម្តេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃទាំងអស់ បានថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះបវររាជមាតាជាតិខ្មែរ មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំដល់អាណាប្រជានុរាស្រ្តក្នុងសុខសន្តិភាព និងចម្រុងចម្រើនថ្កុំថ្កើងរុងរឿងទូទាំងព្រះរាជាណាចក្រកម្ពុជាចីរកាល និងជួបប្រទះនូវពុទ្ធមង្គលពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕