នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសាលា ខេត្តសៀមរាប បានជួបពិភាក្សាគ្នាដើម្បីបង្កើតគណៈកម្មការចម្រុះមួយ ក្នុងការអនុវត្តការងាររុះរើសំណង់ខុស ច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយករង និងជាតំណាងអគ្គនាយក អាជ្ញាធរជាតិអប្សរា និងលោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាលស្រុកទាំង៥ ដែលស្ថិតនៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ។
ការជួបជុំពិភាក្សាគ្នាពេលនេះ ស្របតាមខ្លឹមសារនៃកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដែលបានជំរុញឲ្យអាជ្ញាធរ ជាតិអប្សរា អាជ្ញាធរខេត្ត ក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចទាំងអស់សហការគ្នាក្នុងការអនុវត្តគោលការណ៍ច្បាប់ របស់អង្គការយូណេស្កូ ទៅតាមគ្រប់រូបភាព និងវិធានការក្នុងការរុះរើសំណង់អនាធិបតេយ្យ ក្នុងតំបន់អង្គរ ឲ្យខាងតែបាន ដើមី្បធ្វើការទប់ស្កាត់នូវរាល់ហានិភ័យណាមួយដែលអាចនឹងកើតឡើងចំពោះបេតិកភណ្ឌ ពិភពលោកអង្គរ។
យោងខ្លឹមសារនៃកិច្ចប្រជុំនាពេលនេះ គណៈកម្មការចម្រុះនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខ ដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ឲ្យបានទាន់ពេលវេលា។ អង្គប្រជុំក៏បានសម្រេចផងដែរដើម្បីបង្កើន ការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់សំណង់ខុសច្បាប់ទាំងអស់ស្ម័គ្រ ចិត្តរុះរើដោយខ្លួនឯង ជៀសវាងការខូចខាតនៅពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តការងារ៕