ហាណូយ៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងប្រចាំក្រុងហាណូយ (CDC) ប្រទេសវៀតណាម និងបក្ខពួកប្រុសស្រី៦នាក់ផ្សេងទៀត ត្រូវបានកំលាំងក្រសួងសន្តិសុខសាធារណៈចាប់ឃាត់ខ្លួនពីបទពុករលួយពាក់ព័ន្ធការបញ្ជាទិញឧបករណ៍ធ្វើតេស្ត COVID-19 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញវៀតណាម VNExpress International ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ម្សិលម៉ិញនេះ ។
ក្រសួងសន្តិសុខសាធារណៈវៀតណាមបាននិយាយកាលពីថ្ងៃពុធថាលោក ង្វៀន ញ៉ឹកកាម (Nguyen Nhat Cam) ត្រូវបានគេចោទប្រកាន់ពីបទ “រំលោភបទបញ្ជានៃច្បាប់ស្តីពីការដេញថ្លៃដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ” ។
តាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញវៀតណាម VNExpress International ក្រសួង អះអាងថា ប្រធាន CDC រូបនេះ បានឃុបឃិតគ្នាដើម្បីបន្លំនិងដំឡើងថ្លៃកញ្ចប់ដេញថ្លៃសម្រាប់ឧបករណ៍តេស្ត Covid-19 ដែលប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ Realtime PCR” ។
ចំណែកអ្នកពាក់ព័ន្ទទាំង៦នាក់ទៀតរូមមាន៖ លោក “ង្វៀន វ៉ូហាថាញ Nguyen Vu Ha Thanh ប្រធាននាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះ លោក ឡេស៊ានទួន Le Xuan Tuan ជាបុគ្គលិកនៃនាយកដ្ឋាននេះ ។ លោក Dao The Vinh នាយកក្រុមហ៊ុនវិទ្យាសាស្ត្រ និងសំភារៈវិទ្យាសាស្ត្រ វៀតណាម ។ លោក ង្វៀន ត្រឹនឌុយ (Nguyen Tran Duy) ប្រធានក្រុមហ៊ុនវាយតម្លៃនិងដេញថ្លៃអចលនទ្រព្យណាន់ថាញ់Nhan Thanh; លោក ង្វៀន ង៉ុកញ៉ាត Nguyen Ngoc Nhat ជានិយោជិករបស់ក្រុមហ៊ុនអភិវឌ្ឍន៍វីធីច និងលោក ង្វៀន ថាញ់យ្វិញ Nguyen Thanh Tuyen បុគ្គលិកក្រុមហ៊ុនឧបករណ៍វេជ្ជសាស្រ្ត ដែលប្រឈមនឹងការចោទប្រកាន់ដូចគ្នា ។
លោក ង្វៀន ញ៉ឹកកាម (Nguyen Nhat Cam) បានចូលកាន់តំណែងជានាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាណូយចាប់តាំងពីឆ្នាំ ២០១៣ ហើយក្នុងឆ្នាំ២០១៨ បានចូលកាន់កាប់ CDC ទទួលបន្ទុកចាត់វិធានការបង្ការការរីករាលដាលជំងឺឆ្លង ក្នុងទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ៨លាន់នាកក្នុងប្រទេសវៀតណាមនេះ។ ទន្ទឹមនឹងសហការជាមួយអាជ្ញាធរតំបន់ទប់ស្កាត់COVID-19 និងស៊ើបអង្កេតករណីឆ្លងថ្មី CDC ក៏ទទួលបន្ទុកធ្វើតេស្តCOVID-19 ក្នុងទីក្រុង ហើយធ្វើតេស្តមនុស្សចន្លោះពី២៥០០-៣០០០នាក់ក្នុងមួយថ្ងៃ។
គិតត្រឹមថ្ងៃ២៣ ខែមេសា វៀតណាម មានករណីឆ្លងCOVID-19សរុប ២៦៨ករណី ក្នុងនោះជាង៨០ភាគរយជាសះស្បើយ ហើយនៅសល់ ៤៥ ករណីសកម្មទៀតប៉ុណ្ណោះ ម្យ៉ាងទៀត មិនមានករណីថ្មីទេក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ដែលធ្វើឲ្យរដ្ឋាភិបាលផ្ដើមគិតគូរដកហូតការរឹតត្បិតការដើរហើរជួយសេដ្ឋកិច្ចឡើងវិញ ៕