កំពង់ស្ពឺ ៖ នៅព្រឹកព្រលឹមនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តកម្រិតផាកពិន័យ កើនឡើងពី៣ទៅ៥ដងក្នុងករណីរកឃើញការល្មើសនឹងច្បាប់ ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដែលបានចុះពិនិត្យកិច្ចប្រតិបត្ដិការអនុវត្ដផ្ទាល់នៅគោលដៅចំណុចផ្លូវជាតិលេខ ៤ ភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង មានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកអោយដឹងថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីបណ្ដាឆ្នាំកន្លងទៅដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិបានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថៃ្ងទៅហើយនោះ។
យោងតាមប្រសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ និងការដឹកនាំអនុវត្ដផ្ទាល់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ ។ អ្នកធ្វើដំណើរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។
ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័យវិញ សូមបងប្អូនប្រជាពលរដ្ឋយល់ថា មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ ។
ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរកាលម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរកាលលើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
កត់សម្គាល់ ៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់