អាជ្ញាធរស្រុកព្រៃនប់ក្របួចរថយន្ត០៤គ្រឿង យកមកពិន័យព្រោះបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កប្រុងបើកគេចចូលខេត្តកំពត

158

ព្រះសីហនុ៖ រសៀលថ្ងៃចន្ទទី ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានរថយន្ត០៤គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពតតាមបណ្តោយផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចាប់ឃាត់ធ្វើការពិន័យអន្តរការណ៍​ ។

តាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះបានអោយដឹងថា៖

ករណីទី១៖ រថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។

ករណីទី២៖ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-0439 បើកបរដោយឈ្មោះ អ៊ឹម ឃីមភេទប្រុស អាយុ៤៦ឆ្នាំ។

ករណីទី៣៖ រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។

ករណីទី៤៖ រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3BD-0184 បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស ។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ ” បទមិនគោរពវិធានការរដ្ឋបាល ” ។

-ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

ជាមួយគ្នានេះអាជ្ញាធរខេត្តព្រះសីហនុសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕

 

Comments

comments