វិស័យពាណិជ្ជកម្ម និងទេសចរណ៍ គឺជាស្នូលនាំមុខនៃសេដ្ឋកិច្ចជាតិ វប្បធម៌គឺជាអត្តសញ្ញាណ និងជាបេះដូងរបស់ប្រទេសជាតិ រីឯឧស្សាហកម្មធ្វើដំណើរ គឺជាវិស័យការទូតមួយថ្មីក្នុងយុគសម័យបច្ចុប្បន្ននេះ។នេះបើតាមការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកាលពីម្សិលមិញនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន“Beautiful China beyond your imagination” ក្រោមកិច្ចផ្តួចផ្តើមរបស់រដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) ដោយសហការជាមួយនឹងក្រសួងទេសចរណ៍ ថា ការរីកចំរើននៃវិស័យទេសចរណ៍ទាមទារឲ្យមានគាំទ្រពីឧស្សាហកម្មធ្វើដំណើរ។ ក្នុងន័យនេះ លោកបានស្នើឲ្យការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរ និងដៃគូរពាក់ព័ន្ធនានា នៃប្រទេសចិន និងកម្ពុជា បន្តកិច្ចសហការជិតស្និទជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី ឲ្យកាន់តែច្រើនថែមទៀត។ កម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោក ថោង ខុន លោក Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិន លោក Tan Qingsheng, ភារៈធារីនៃស្ថានទូតចិនប្រចាំកម្ពុជា លោក ឈុន តារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី ឆាយ សុវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ។ លោក zhang xilong ប្រធានគណៈប្រតិភូចិនបានថ្លែងកោតសរសើរចំពោះភាគីមិត្តកម្ពុជាដែលតែងតែផ្តល់នូវកិច្ចសហការគាំទ្រជាមួយភាគីចិន ជាពិសេសទំនាក់ទំនងជាប្រវត្តិនៃចំណងការទូតដ៏យូរលង់ណាស់មកហើយប្រកបដោយភាតរៈភាពដែលនៅតែបន្តរហូត និងត្រូវបានរិតចំណងកាន់តែជិតស្និតថែមទៀត។ លោក ថោង ខុន បានមានឱ្យដឹងថា កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន (២០១៦-២០២០) ពិសេសការដាក់ចេញនូវ “សៀវភៅសស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា” សំដៅត្រៀមទទួលស្វាគមន៍ទេសចរចិនយ៉ាងតិច ២លាននាក់ នៅឆ្នាំ២០២០៕