ភ្នំពេញ៖ កុមារាមានសមត្ថកិច្ចពិសេស គីមហុង ដែលត្រូវបានសម្តេចតេជោ ប្រកាសធានារ៉ាប់រងទាំងស្រុងលើការសិក្សា រហូតដល់ជោគជ័យនោះ អាចនឹងរៀនផ្លោះថ្នាក់បន្តទៀត ពីថ្នាក់ទី៦ ដល់ថ្នាក់ទី៨ នៅសាលាប៊ែលធីអន្តរជាតិ។ ក្រោយជំនួបជាសម្តេចតេជោ លោក ដួង តារា ជំនួយការសម្ដេចនាយករដ្ឋមន្ត្រីបានឲ្យដឹងកាលពីយប់មិញថា កុមារ គីមហុង នឹងចូលរៀនថ្នាក់ទី៨ ដោយផ្អែកលើ សមត្ថភាពពិសេស ដែលបានធ្វើ Test គណិតវិទ្យាថ្នាក់ទី ១២ រួមជាមួយការសរសេរភាសាអង់គ្លេស និងវាយកុំព្យូទ័រ នៅចំពោះមុខអគ្គនាយក ប៊ែលធី គ្រុប ប៉ុន្តែការចូលរៀនថ្នាក់នេះ នៅមិនទាន់ដឹងនៅឡើយទេ គឺ អាស្រ័យលើការសម្រេចចិត្តរបស់កុមារ គីមហុង។ ចំពោះ អគ្គនាយក លី ឆេង វិញក្នុងជំនួបសំណេះសំណាលម្សិលមិញ បានបង្ហាញចំណាប់អារម្មណ៍ថា លោកសូមកោតសរសើរដោយ ចំពោះ កុមារា ហ៊ឺ ទៀង គីមហុង ដែលទើបតែមានអាយុ ៧ឆ្នាំ និងកំពុងរៀនថ្នាក់ទី៦ ហើយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសិស្ស ៣៥នាក់ និងមានសមត្ថភាពពិសេស អាចដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័របានល្អបង្គួរផងដែរ។ នេះពិតជាទេព្យកោសល្យពីកំណើតដ៏អស្ចារ្យរបស់ក្មួយ ដែលមនុស្សធម្មតាមិនអាចធ្វើបានឡើយ។ សូមបញ្ជាក់ថា សព្វថ្ងៃនេះ គីមហុង កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕