នគរបាលបន្ទាយមានជ័យ បំបែកសំណុំរឿងស្នេហាត្រីកោណ ឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោមបក្សពួក៧នាក់

187

ខេត្តបន្ទាយមានជ័យ៖ មានបទល្មើសឧក្រិដ្ឋធំៗ ចំនួន៣ករណី តែត្រូវនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ត្រូវបានបំបែកសំណុំរឿងឃាតកម្មទាំង៣ករណីជាបន្តបន្ទាប់។ ជាក់ស្តែងករណីឃាតកម្មមួយករណីទៀត ដែលជនល្មើសបានរៀបចំគម្រោងគ្រោងទុកជាមុន គឺរឿងស្នេហាត្រីកោណ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនភ្លាមៗបានជនសង្ស័យ៤នាក់ ក្នុងនោះមានជនអ្នករៀបចំគម្រោងម្នាក់ ក្នុងចំណោមបក្សពួកវា៧នាក់ ។លោកវរសេនីយ៍ទោ ខែម សុភ័ណ នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ដែលបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន និង កម្លាំងនគរបាលក្រុងសិរីសោភ័ណ រួមទាំងកម្លាំងនគរ​បាលស្រុកស្វាយចេក បានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧​ នេះថា៖

ក្រោយពីទទួលបានព័ត៌​មាន​ពីប្រជាពលរដ្ឋ ថាមានករណីចាប់មនុស្សចូលក្នុងរថយន្ត ថាជាសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ដោយ​មិននឹកស្មានថាជាអំពើឃាតកម្មវាយសម្លាប់អ្នកបើករថយន្តតាក់ស៊ីម្នាក់នៅក្នុងក្រុងសិរីសោភ័ណ រួចដឹកសពតាមរថយន្តរបស់ជនរងគ្រោះទៅឱ្យតាអាចារ្យ វត្តពង្រកងវ៉ា ក្រុងសិរីសោភ័ណ ដុតសពចោលនោះ គឺជាគម្រោងរបស់ជនល្មើសឈ្មោះហេង ឃៀង ដែលជាគូទំនាស់ក្នុងរឿងស្មេហាត្រីកោណនេះ ។លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែននគរបាលកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា៖ នៅវេលាម៉ោង១រសៀលជាង ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៧ នៅចំណុចចំការត្របែក ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នាល្ងាចថ្ងៃដដែលនោះផងដែរ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ្ញាអមសាលាដំ​បូងខេត្តបន្ទាយមានជ័យ។លោកស្នងការបានបន្ថែមទៀតថា ជនសង្ស័យទាំង៤នាក់ រងការឃាត់ខ្លួនមានឈ្មោះ៖ ១.ហេង ឃៀង ភេទប្រុស​ អាយុ២៣ឆ្នាំ ប្រកបមុខរបរជាគ្រូបង្រៀន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជននេះជាអ្នកមេខ្លោងផ្តួចផ្តើមគំនិតរៀបចំគម្រោងសម្លាប់ ជនរងគ្រោះ, ២.នួន មេត្តា ហៅម៉ៅ ភេទប្រុស​ អាយុ២១ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ៣.ផាន ចាវ ភេទប្រុស ​អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង ៤.ចៅ សុវណ្ណហៅកាន់ ភេទប្រុស ​អាយុ៣០ឆ្នាំ រស់នៅភូមិបារ៉ែត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជនសង្ស័យទាំង៣នាក់ជាអ្នកផ្សំគំនិត។ ចំណែកជនរងគ្រោះមានឈ្មោះ ជា រដ្ឋថុល ភេទប្រុស ​អាយុ២៨ឆ្នាំ ប្រកបមុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។លោកស្នងការរងបានបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ជា រដ្ឋថុល ត្រូវបានជនសង្ស័យជាមេខ្លោងឈ្មោះហេង ឃៀង ជាអ្នករៀបចំគម្រោងសម្លាប់ជាងកន្លះខែមុន ដោយសារតែពួកគេមានទំនាក់ទំនងស្នេហាត្រីកោណជាមួយគ្នា ដោយស្រ្តីម្នាក់ជាប្រពន្ធលួចលាក់ជាមួយជនរងគ្រោះ បានផ្តាច់ចំណងស្នេហាពីជនរងគ្រោះទៅស្រលាញ់រស់នៅជាមួយនឹងជនសង្ស័យឈ្មោះ ហេង ឃៀង។ ក្រោយពីបង្កើតឡើងនូវស្នេហាត្រីកោណបែបនោះរួចហើយ។ រវាងជនរងគ្រោះឈ្មោះ ជា រដ្ឋថុល និង ជនសង្ស័យឈ្មោះ ហេង ឃៀង តែងតែមានការឈ្លោះគ្នាគំរាមសម្លាប់គ្នាទៅវិញទៅមកជាបន្តបន្ទាប់។ លុះក្រោយមកជនសង្ស័យបានរៀបចំគម្រោងដើម្បីសម្លាប់ជនរងគ្រោះ ចំនួន៥ទៅ៦លើក តែមិនបានសម្រេច ដោយជនរងគ្រោះមិនមកនោះឡើយ ដោយផែនការមិនបានសម្រេចជនសង្ស័យបានកុហក់ អាចារ្យ នៅក្នុងវត្តពង្រកងវ៉ា ថា២ទៅ៣ថ្ងៃទៀតនឹងមានបងប្អូននៅប្រទេសថៃក្រីក្រឈឺកើតមហារីកមិនអាចព្យាបាលបានហើយនឹងស្លាប់យកមកដុតនៅក្នុងវត្តពង្រកងវ៉ានេះ ដោយឱ្យតាអាចារ្យត្រៀមក្តារមឈូសទុកជាស្រេចទៀតផង លុះល្ងាចថ្ងៃទី២២ ខែកក្កដា វេលាម៉ោង៣កន្លះ គេដឹកសពយកទៅឲ្យតាអាចារ្យ ដុតតែម្តង។ ម្យ៉ាងឈ្មោះ ឃៀង បានក្លែងខ្លួនថាជាសមត្ថកិច្ចក៏បានរៀបចំគម្រោងម្តងទៀតហៅទូរស័ព្ទទៅជនរងគ្រោះមកដឹកម៉ូយនៅចំណុចកើតហេតុខាងលើថាមានម៉ូយទៅក្រុងប៉ោយប៉ែត។ បន្ទាប់មកជនរងគ្រោះក៏បានបើករថយន្តលុចស៊ីសមីនី៣០០ ពណ៌លឿង មកយកម៉ូយតាមការណាត់ជួបរបស់ក្រុមជនសង្ស័យ នៅកន្លែងស្ងាត់ចំការត្របែក។ ពេលទៅដល់ ក្រុមបក្ខពួកជនសង្ស័យនាំគ្នាចាប់ជនរងគ្រោះរុំមុខនឹងក្រណាត់វាយសម្លាប់ដាក់ក្នុងរថយន្តជនរងគ្រោះ ដឹកឆ្ពោះទៅដុតវត្តពង្រកងវ៉ាតែម្តង។ ធ្វើសកម្មភាពរួចគេបានជិះរត់ទៅលាក់នៅស្រុកស្វាយចេក។ ប​ច្ចុប្បន្ន ជនសង្ស័យកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។សំណុំរឿងឃាតកម្មនេះដែរ នៅមានជនជាប់ពាក់ព័ន្ធ៣នាក់ទៀតពួកគេកំពុងរត់គេចខ្លួនសមត្ថកិច្ចបន្តតាមស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

Comments

comments