នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាពរាជធានីភ្នំពេញ។ក្នុងឱកាសនោះដែរលោក Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុននាពេលខាងមុខដែលក្នុងនោះរួមមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ការអភិវឌ្ឍវិស័យធនធានមនុស្សការសម្រួលចរាចរណ៍នៅទីក្រុងភ្នំពេញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនជប៉ុននិងការពិភាក្សាអំពីការរៀបចំឱ្យមានអគ្គកុងស៊ុលជប៉ុននៅខេត្តសៀមរាប។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះគឺចំពេលខួប២៥ឆ្នាំរបស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជាកាលពីក្នុងឆ្នាំ១៩៥៧។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនខាងមុខនេះ លោក ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែលមានការចូលរួមពីអ្នកវិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាគោលការណ៍ចំពោះកម្មវិធីដែលបានដាក់ចេញទាំងនេះហើយលោកបានស្នើឱ្យភាគីជប៉ុនមានការសម្របសម្រួលបន្ថែមទៀតនៅក្នុងកម្មវិធីនេះក្នុងករណីមានការផ្លាស់ប្តូរ។ ជាការបញ្ជាក់នូវការស្វាគមន៍លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីជប៉ុនរួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុននឹងរង់ចាំទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕
ព័ត៌មានជាតិ សម្តេច ហ៊ុន ស...