រដ្ឋបាលខេត្តស្ទឹងត្រែងជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់

157

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះបានប្រកាសជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាហេតុ ដោយសារគ្រោះទឹកជំនន់បន្ទាប់ពីភ្លៀងបានបន្តធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា។រដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើឱ្យប្រជាពលរដ្ឋនិងអាណាព្យាបាលប្រយ័ត្នចំពោះ ក្មេងតូចៗកុំលេងទឹកត្រៀមរៀបចំសម្ភារចាំបាច់មួយចំនួនដូចជាមធ្យោបាយធ្វើដំណើរដូចជាស្បៀងអាហារនឹងសត្វពាហនៈជាដើម។ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានប្រកាសជូនពលរដ្ឋឱ្យបានជ្រាបអំពីស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃនៅទូទាំងភូមិ ឃុំ ស្រុក ក្រុង ក្នុងខេត្តស្ទឹងត្រែង ដែលបានបង្កឱ្យភូមិមួយចំនួនស្ថិតនៅតាមដងទន្លេដូចជាទន្លេមេគង្គ ទន្លេសេគង្គ ទន្លេសេសាន ទន្លេស្រែពកនឹងនៅតាមដៃរអូធំៗ ប្រឈមការជន់លិច ហើយប្រជាពលរដ្ឋអាចនឹងទៅរកទីទួលដែលខ្ពស់ៗ។តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី ។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿន ពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

Comments

comments