នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី២ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លានិងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន។ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១នេះអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀនបានបង្រ្កាបក្រុមមុខសញ្ញាចែកចាយគ្រឿងញៀនជាង៤ពាន់ករណីនិងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស។នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។សម្តេចក្រឡាហោម ស ខេង បានប្រកាសថា ថវិកាជិត១លានដុល្លារ គ្រោងចំណាយសម្រាប់លើកទឹកចិត្ត ដល់មន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១នេះ។សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រោងថវិកានេះ បានជំរុញ និងលើកទឹកចិត្តដល់សមត្ថកិច្ចមានស្នាដៃ បង្ក្រាបគ្រឿងញៀនបានជោគជ័យ»៕