ភ្នំពេញៈ កាលពីវេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បុរសម្នាក់ បានបើករថយន្តម៉ាស្ដា ទាំងស្ថានភាពស្រវឹង ហើយបុករះដើមឈើ ប៉ាណូ សំយ៉ាប់ផ្ទះ និងបង្គោលភ្លើងនៅលើចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខាងក្រោយវត្តអង្គតាមិញ តាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។រថយន្តបង្កស៊េរីទំនើបម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-7332 បើកបរដោយបុរសម្នាក់ ស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកោងដែលជាកន្លែងកើតហេតុ ក៏ស្រាប់តែជ្រុលចង្កូតទៅបុករះដើមឈើអស់៣ដើម ប៉ាណូក្រុមហ៊ុនស្រាបៀរ ក្រែនស្បើត ចំនួន១ សំយ៉ាប់ផ្ទះប្រជាពលរដ្ឋចំនួន១ផ្ទាំង និងបុកបង្គោលភ្លើងទ្រេតអស់១ដើមផងដែរ ហើយរថយន្តបង្កបានដាច់កាឡែកង់ក្រោយផ្នែកខាងស្ដាំទើបទៅមុខលេងរួច។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសម្បត្តិរដ្ឋតែប៉ុណ្ណោះ ៕