ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ដែលមានរយៈពេល៦ខែដើមឆ្នាំនេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។«ថវិកាដែលនឹងត្រូវផ្ដល់ជារង្វាន់លើកទឹកចិត្តជូនអង្គភាព និងបុគ្គលដែលមានស្នាដៃក្នុងកិច្ចប្រតិបតិ្ដការបង្ក្រាប មានចំនួនសរុប ២,២៥០,៧៦៨,០០០រៀល ប្រមាណ ៥៦២,៦៩២ដុល្លារ ដែលថវិការង្វាន់លើកទឹកចិត្ដែលទទួលបាននេះ នឹងត្រូវបានបែងចែកតាមអត្រាកំណត់ជាភាគរយនិងផ្ដល់ជូនសមាសភាពសាមីអង្គភាពប្រតិបត្តិការចំនួន២០%, ម្ចាស់ករណីចំនួន៣០%,បញ្ជាការករណីចំនួន១០%,អង្គភាពសហការចំនួន៣០%និងភា្នក់ងារផ្ដល់ព័ត៌មាន១០%»។អគ្គស្នងការរងនគរជាតិរូបនេះបញ្ជាក់ថា ថវិកាទាំងអស់នេះ នឹងត្រូវផ្ដលទៅអង្គភាពចំនួន៣២ក្នុងនោះអង្គភាពចំនួន១២បង្ក្រាបបានពី១គីឡូក្រាមឡើងទៅនិងអង្គភាពចំនួន២០បង្ក្រាបបានពី១០០ក្រាមឡើងទៅដើម្បីយកទៅចែកជូនដល់មន្ដ្រីចំនួន៩៣៣នាក់មកពីអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តនិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួដែលបានសហការជាមួយកងកម្លាំងប្រតិបត្តិច្បាប់។សូមជម្រាបថាតាមរបាយការណ៍ដែលបង្ហាញបានឲ្យដឹងថាចំពោះលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១នេះកម្លាំងសមត្ថកិច្ចបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៤៣៣១ករណីឃាត់ខ្លួនជនសង្ស័យចំនួន៩៦៩៤នាក់និងចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបជិត១២០គីឡូក្រាមព្រមទាំងដកហូតបានសម្ភារៈមួយចំនួនទៀត។ដោយឡែកក្នុងនោះបានបង្ក្រាបចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនធំៗចំនួន១៣ករណី៕