ស្រុកស្អាង៖ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧មានករណីលង់ទឹកស្លាប់មួយបានកើតឡើងតាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦នឹង០០នាទី នៅចំណុចមាត់ច្រាំងក្នុងទន្លេបាសាក់ ស្ថិតនៅស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ប៉ុន្តែសាកសពត្រូវបានគេប្រទះឃើញសាកសព នៅព្រឹកថ្ងៃនេះ។ជនរងគ្រោះ ឈ្មោះ ពិត វឿន ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី ២៦.កក្កដា.២០១៧ វេលាម៉ោង ១៦:០០នាទី មានឈ្មោះពិត វឿន បានបបួលឪពុកបង្កើត ទៅមុជទឹកនៅក្នុងទន្លេបាសាក់ លុះមុជទឹកហើយឪពុកក៏ឡើងមកផ្ទះមុន ដោយមិនឃើញឈ្មោះពិត វឿន មកជាមួយទេ ។សូមបញ្ជាក់ថា៖ ឈ្មោះពិត វឿន ជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងរាល់ថ្ងៃ ជួនកាលដើរមិនចូលផ្ទះ ក៏មានដែរ ទើបបងប្អូនមិនចាប់អារម្មណ៏ រឿងលង់ទឹក ។ លុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយបាត់មិនឃើញជនរងគ្រោះមកផ្ទះ ទើបបងប្អូនសង្ស័យថាជនរងគ្រោះលង់ទឹក ក៏បានមករាយការណ៏ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះខែល ។ ក្រោយទទួលបានព័ត៍មាននេះ សមត្ថកិច្ចនគរបាលស្រុក ប៉ុស្តិ៍រដ្ឋបាល និងសាច់ញាតិ បានស្វែងរកជនរងគ្រោះ ប៉ុន្តែរកមិនឃើញ ។លុះនៅថ្ងៃទី ២៨ កក្កដា ២០១៧ វេលាម៉ោង០៦និង១០នាទី ទើបប្រជាពលរដ្ឋ ប្រទះឃើញសាកសពឈ្មោះពិត វឿនអណ្តែកទឹកឡើងនៅចំណុចកើតហេតុខាងលើ និងបានរាយការណ៏ជូនសមត្ថកិច្ច ហើយប្រាប់ទៅដល់សាច់ញាតិ អោយទៅពិនិត្យមើល ។បន្ទាប់មក សមត្ថកិច្ចផ្នែកជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ លោកមេភូមិ បានធ្វើការត្រួតពិនិត្យ ឃើញថា ពុំមានស្លាស្នាមអ្វីទេ គឺសព ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។