ស្ថានការណ៍ព្រំដែនកម្ពុជា-ឡាវកំពុងឡើងកម្តៅ

309

(ភ្នំពេញ)៖ ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះហាក់បីដូចជាកំពុងតែកើនឡើងកម្ដៅ ហើយនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែនជាមួយនឹង លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថានៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីឡាវនោះ លោក ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួនចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹង ខេត្តអាតាពើ របស់ប្រទេសឡាវ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា លោក បានអត់ធ្មត់តាំងពីខែមេសាមកម្ល៉េះចំពោះការឈ្លានពានរបស់ទាហានឡាវព្រោះមិនចង់ឱ្យមានការផ្ទុះសង្រ្គាមជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងភាពអត់ធ្មត់លោកនាយករដ្ឋមន្រ្តីនៃកម្ពុជាបានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត កាលពីអំឡុងខែឧសភាពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន ស្នើឱ្យដកកងទ័ពចេញពីទឹកដីកម្ពុជា។ក្រៅពីទូរស័ព្ទដោយផ្ទាល់ហើយនោះ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានសរសេរលិខិតផ្លូវការមួយច្បាប់ទៀតផ្ញើទៅ នាយករដ្ឋមន្រ្តីឡាវ បញ្ជាក់ពីបញ្ហាព្រំដែន និងស្នើឱ្យឡាវដកកងទ័ពចេញពីប្រទេសកម្ពុជា៕

Comments

comments