បាត់ដំបងៈ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃម្សិលមិញ នៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើខ្នងភ្នំព្រឹកបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់និងរថយន្តមួយគ្រឿងខូចខាតមួយកំណាត់មុខយ៉ាងដំណំ។សាក្សីនៅកន្លែងបានអោយដឹងថាមុនពេលកើតហេតុខណៈមេឃកំពុងមានភ្លៀងខ្យល់យ៉ាងខ្លាំងមានរថយន្ត១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-6791 មកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េចបានរេចង្កូតទៅបុកគូទរថយន្តកូរ៉េដឹកពោត១គ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបររថយន្តសាំយ៉ុងរបួសធ្ងន់និងខូចខាតរថយន្តយ៉ាងដំណំ។ជនបង្កនិងជាជនរងគ្រោះផងនោះ មានឈ្មោះ យ៉ង់ សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្នុកទ្រូ ឃុំស្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ចំណែកម្ចាស់រថយន្តកូរ៉េ ឈ្មោះ ជុំ សំអាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ផ្លូវគោកស្រុកភ្នំព្រឹក ចុះទៅវាស់វែងនិងស្ទួចរថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕