(ភ្នំពេញ)៖ ក្រុមចោរកាប់ប្លន់និងឆក់ដ៏កក្រើកនៅរាជធានីភ្នំពេញដែលបានធ្វើសកម្មភាពមិនតិចជាង៤០ដងនោះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៦នាក់ក្នុងចំណោមបក្ខពួកជាង១០នាក់ នៅវេលាជិតភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿងនៅជិតសាលាជម្ពូវ័ន ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរបួស។លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់បានថាប្រតិបត្តិការបង្ក្រាបនេះស្ថិតក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញនិងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។អធិការខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថាបន្ទាប់ពីក្រុមជនសង្ស័យនេះបានធ្វើសកម្មភាពកាប់ប្លន់មួយករណីដោយបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសហើយភ្លាមនោះកម្លាំងនគរបាលខណ្ឌបានចេញអន្ដរាគមន៍បង្ក្រាបនិងចាប់ខ្លួនបានជាបន្ដបន្ទាប់ចំនួន៦នាក់។លោកបានរៀបរាប់ថាក្រោយធ្វើសកម្មភាពភ្លាមកម្លាំងជំនាញបានជនសង្ស័យម្នាក់ហើយបន្ដស្រាវជ្រាវចាប់បាន២នាក់ទៀតនៅភូមិគោកចំបក់សង្កាត់ចោមចៅ ក្រោយក្រសោមបានជនសង្ស័យ៣នាក់នេះកម្លាំងជំនាញបន្ដសួរនាំនិងតាមប្រមាញ់បានជនសង្ស័យ៣នាក់បន្ថែមទៀត ដែលបានលួចមកសំងំ និងដេកនៅក្នុងផ្ទះសំណាក់ចន្ទ្រពេញវង់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។បើតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យពួកគេបានធ្វើសកម្មភាពប្លន់ និងឆក់ហើយជាពិសេសឆក់មិនតិចជាង៤០ដងនោះទេ នៅក្នុងរាជធានីភ្នំពេញដែលពួកគេអះអាងថាមានគ្នារហូតដល់ទៅជាង១០នាក់ឯណោះ។យ៉ាងណាមិញកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីបន្ដបង្ក្រាបបក្ខពួករបស់ក្រុមជនសង្ស័យទាំងនេះបន្ដទៀតផងដែរ។សូមជម្រាបថា ក្នុងហេតុការណ៍កាប់ប្លន់យកម៉ូតូ Let’s មួយគ្រឿងយប់មិញនេះជនរងគ្រោះទី១ ឈ្មោះ ឆោម វ៉ាន់ឆៃ អាយុ២២ឆ្នាំ របួសស្រាល ជាអ្នកបើកម៉ូតូ និងទី២ ឈ្មោះ ហេង ហ៊ត អាយុ១៩ឆ្នាំ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យមានស្រុកកំណើតនៅភូមិបងបក់ ឃុំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមុនពេលកើតហេតុពួកគេទាំង២នាក់ចេញពីក្លឹបរាំកំសាន្ត (អាវ៉ាលន) ហើយជិះមកចាក់សាំងជិតក្លឹបនោះពេលចេញពីស្ថានីយ៍សាំង ក្រុមជនល្មើសក៏ជិះម៉ូតូមកប្រហែល៥ទៅ៦គ្រឿង មានគ្នាប្រហែលជា១០នាក់ គប់ដុំថ្មមកលើជនរងគ្រោះពេលនោះជនរងគ្រោះបើកម៉ូតូរត់គេចរហូតមកដល់ចំណុចកើតហេតុខាងលើក៏ជនល្មើសបានកាប់ជនរងគ្រោះមួយកាំបិត និងប្លន់យកម៉ូតូតែម្ដង៕