កណ្តាល ៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗ ក្នុងហេតតុការណ៍ក្នុង គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ រថយន្តកិនកាលពីវេលាម៉ោង១៩:១០នាទី យប់ថ្ងៃទី១០ កន្លងទៅនៅ ចំណុចមុខរោងចក្រវ៉ាន់កូ ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ ២៣-២៤។ នគរបាលឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ សំ ឡេន ភេទ ស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅ ភូមិត្រយ៉ឹង ឃុំពើក ស្រុកអង្គស្នួលខេត្ត កណ្តាល និងទី២ ឈ្មោះ សំ អ៊ីង (ត្រូវជាឳពុក ) ភេទប្រុស អាយុ ៦៤ឆ្នាំ នៅភូមិសណ្តាន់ឃុំសណ្តាន់ ស្រុក សំបូរ ខេត្តក្រចេះ ។ ឳពុកនិងកូនបានធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំ ពេញ1FY-9113 ដោយឈ្មោះសំ ឡេន អ្នកបើកបរ ។ នគរបាលបានឲ្យដឹងទៀតថា ម៉ូតូជនរងគ្រោះ បើកបរពីកើតទៅលិច (ភ្នំពេញ->កំពង់សោម) លុះដល់ចំណុចកើតហេតុខាងលើបានប៉ះ ដៃចង្កូត និង ម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលលើទ្រូងថ្នល់ ស្របពេលដែលអ្នកបើកបរម៉ូតូ នឹងអ្នករួមដំណើរដួល ក៏មានរថយន្តមួយគ្រឿងមិនដឹងម៉ាក ដែលបើកបរពីលិចទៅកើត (កំពង់សោម->ភ្នំពេញ) បានកិនអ្នកទាំងពីរ បណ្ដាល ឲ្យស្លាប់នៅនឹងកន្លែងកើត តែម្តង ។ ចំពោះម៉ូតូមួយគ្រឿងដែលប៉ះដៃចង្កូត ជាមួយម៉ូតូជន រងគ្រោះ បានបើកគេចខ្លួនបាត់ ។ នគរបាលសន្ឋិដ្ធានថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូប៉ះដៃចង្កូតគ្នា អ្នករងគ្រោះក៏បានខ្ទាត ទៅលើទ្រូងថ្នល់ម្ខាងទៀត ត្រូវបានរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុទាំងពីរនាក់ ។ ចំពោះសពជនរងគ្រោះទាំង០២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី និង បន្តការស្រាវជ្រាវ រកយានបង្កពាក់ព័ន្ធគ្រោះថ្នាក់នេះ ។