ស្ទឹងត្រែង : ជនសង្ស័យ២នាក់ក្នុងករណីប្លន់បានហៅម៉ូតូឌុបជិះទៅដល់កន្លែងស្ងាត់ ក៏យកកាំបិតចុងស្រួចអារកប្លន់យកម៉ូតូទៅបាត់ទាំងកណ្តាលថ្ងៃត្រង់រួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ផ្លូវចូលចម្ការស្វាយចន្ទីគីឡូម៉ែត្រលេខ៦ ភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង។ ជនរងគ្រោះឈ្មោះ អ៊ុក អៀង អាយុ៥៧ឆ្នាំ អ្នករត់ម៉ូតូឌុប មានទីលំនៅភូមិព្រែក សង្កាត់/ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ម៉ូតូរបស់គាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1C 3901។ មុនពេលកើតហេតុជនរងគ្រោះ ត្រូវយុវជន២នាក់ឱ្យឌុបចេញពីកាច់ជ្រុង កែងផ្ទះសំណាក់អប្សរាផ្សារស្ទឹងត្រែង ឆ្ពោះទៅកាន់ចម្ការម៉ៃសាក់។ ពេលទៅដល់ចំណុចចម្ការម៉ៃសាក់ ក៏ឱ្យចូលទៅក្នុងព្រៃចម្ការស្វាយចន្ទី ដែលជាកន្លែងស្ងាត់ឆ្ងាយពីផ្លូវជាតិលេខ៧ ក៏ចាប់ផ្តើមធ្វើសកម្មភាពប្លន់ ដោយប្រើកាំបិតចុងស្រួចផ្តាច់បំពង់កអ្នករត់ម៉ូតូឌុប។ តែខណៈពេលនោះ អ្នករត់ម៉ូតូឌុបបានព្យាយាមរើខ្លួនរហូតដួលម៉ូតូទៅនឹងដី។ ពេលនោះបានយកម៉ូតូរបស់គាត់ បើកគេចទៅបាត់។ ពេលដឹងថា ខ្លួនមានរបួសក៏ខំយកដៃខ្ទប់ឈាម រត់ចេញមករកផ្លូវជាតិ ដើម្បីហៅគេជួយ។ ពេលនោះមានផ្ទះអ្នកចាំចម្ការឃើញជនរងគ្រោះត្រូវរបួស ក៏ទូរស័ព្ទទៅប្រាប់ប្រពន្ធអ្នករត់ម៉ូតូឌុបដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងភ្លាម៕
ព័ត៌មានជាតិ ហៅម៉ូតូឌុបជិះ...