ភ្នំពេញ : ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយអ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិជាង១ពាន់នាក់ មកពី១៧ប្រទេស ដែលដឹកនាំដោយក្រុមហ៊ុន Empure World នៅសណ្ឋាគាហ្គ្រេនស៊ីធី (លីយុងផាត់)។ ព្រឹត្តិការណ៍ជួបជុំដ៏ធំនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដោយប្រមូលផ្តុំអ្នកវិនិយោគិន និងអ្នកទេសចរដែលជាដៃគូរបស់ក្រុមហ៊ុនចំនួន ៩២០ មកពី១៧ប្រទេស រួមមាន ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង តៃវ៉ាន់ អូស្រ្តាលី កាណាដា ញូហ្សេលែន និងកម្ពុជា ពោលភាគច្រើនជាភ្ញៀវទេសចរចិន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូន គណៈប្រតិភូអំពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិតជាបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាមាសបៃតងបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង១០% នៃផលិតផលក្នុងស្រុកសរុប GDP។ ឯកឧត្តមបានបន្ថែមថា កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដែលស្អាត និងបៃតង ជាមួយនឹងសក្តានុពលភាពនអច្ឆរិយភាពជាច្រើន ដូចជា ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក សម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី សម្បត្តិធនធានធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រស់ទន្លេមេគង្គ ម្ហូបអាហារប្រពៃណីរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជា ស្របនឹងការប្រសិទ្ធនាម កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ (Cambodia: Kingdom of Wonder-Feel the Warm)។ ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រគោលនយោបាយខ្សែក្រវ៉ាត់ និងវិថីរបស់ប្រទេសចិនដែលគោលនយោបាយនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅក្នុងតំបន់ទាំងមូល ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ជាច្រើនពីគោលនយោបាយនេះផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Empire World ដែលបានរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏ធំនេះ ដោយសង្ឃឹមថា នឹងជួយជំរុញដល់ដល់ការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ៥លាននាក់ កើនឡើង៥% ដោយឡែកក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣.១លាននាក់ កើនឡើង ១២.៨%។ កម្ពុជាសង្ឃឹមថា ក្នុងឆ្នាំ២០១៧ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិ ៥.៥លាននាក់៕
ព័ត៌មានជាតិ ភ្ញៀទេសចរអន្ត...