រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​កម្មករ​សំណង់ដោយ​ឥត​គិត​ថ្លៃ

292

(ភ្នំពេញ) ៖ រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​បាន​ប្រកាស​រួម​គ្នា​នៅ​ថ្ងៃ​នេះ​ថា ​នៅ​ដើម​ឆ្នាំ​២០១៨ រដ្ឋាភិបាល​នឹង​ផ្តល់​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ​ជូន​ដល់​កម្មករ​សំណង់នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​ដូច​កម្មករ​និយោជិត​រោងចក្រ​កាត់ដេរដែរ​។ ​ នៅ​ពេល​នេះ ក្រសួង​ការងារកំពុង​ចុះ​ស្រង់​ស្ថិតិ​កម្មករ ​និង​ការដ្ឋាន​សំណង់ ដើម្បី​រៀបចំ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ពួក​គាត់។ ឯកឧត្ដម​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា យន្តការ​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​អនុសាសន៍ ​ក៏​ដូច​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល ​តាម​លក្ខខណ្ឌ​ការងារ ប្រាក់​ចំណូល​សមរម្យ សុវត្ថិភាព​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស។ ករណី​ប្រសិន​បើ​កម្មករ​សំណង់​គ្មាន​និយោជក​ផ្តល់​វិភាគទាន​ថែទាំ​សុខភាព​ជូន​ទេ​នោះ គឺ​ពួក​គេ​នឹង​ទទួល​ព្យាបាល​តាម​បែប​មូលនិធិ​សមធម៌ ​ដែល​ក្រសួង​សុខាភិបាល ផ្តល់​ជូន​តាម​មន្ទីរពេទ្យ​រដ្ឋ​នានា។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង បាន​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ហើយ​ថា រាល់​ការ​ថែ​ទាំ និង​ព្យាបាល​សុខភាព​ដល់​កម្មករ​និយោជិត​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ពឹង​ផ្អែក​លើ​ការ​ទម្លាក់​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ ​ក៏​បាន​ប្រកាស​ដែរ​ថា ​ក្នុង​ឆមាស​ទី១ ​ឆ្នាំ​២០១៧​នេះ ​បេឡាជាតិ​របប​សន្តិសុខ​សង្គម បាន​ពង្រីក​វិសាលភាព​ផ្នែក​ហានិភ័យ​ការងារ ​នៅ​ទូទាំង​ប្រទេស ​និង​បាន​ចុះ​បញ្ជី​ការ​សហគ្រាស ​គ្រឹះស្ថាន សរុប​ចំនួន ​៩ ១៦៥ ​សហគ្រាស ដោយ​មាន​កម្មករ​និយោជិត ​ជា​សមាជិក​ជាង ​១​លាន​២​សែន​នាក់។ ទន្ទឹម​នឹងនោះដែរ ​បេឡាជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស.) បាន​ផ្តល់​ការ​ព្យាបាល​ថែទាំ​សុខភាព​ជូន​កម្មករ ​និយោជិត ដែល​រងគ្រោះ​ថ្នាក់​ការងារ នៅ​តាម​មន្ទីរ​ពេទ្យ​ប្រតិបត្តិ​នានា​ទូទាំង​ប្រទេស ​បាន​ចំនួន ​១​ម៉ឺន ១​ពាន់​នាក់៕

Comments

comments