លោក Naveen Srivasta ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងនៅក្នុងឱកាសចូលជួបជំរាបលា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃម្សិលមិញ ដោយស្នើឱ្យកម្ពុជាបន្តជម្រុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារឥណ្ឌា ពិសេសនៅ Mombay និង New Dailyដើម្បីទាក់ទាញទេសចរណ៍ឥណ្ឌា ជាពិសេសទេសចរណ៍កំរិតខ្ពស់ដែលនិយមចូលចិត្តរៀបអាពារហ៍ពិពារហ៍នៅក្រៅប្រទេស។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគាំទ្រ និងសូមស្វាគមន៍ការលើកឡើងរបស់ អគ្គរដ្ឋទូតឥណ្ឌាថា កម្ពុជាគឺជាគោលដៅទេសចរណ៍ បែបអាពារហ៍ពិពារហ៍ (Wedding Tourist Destination) និងកិច្ចប្រជុំអន្តរជាតិ ( MICE Destination)នៅសៀមរាប-អង្គរ និងនៅភ្នំពេញ។
ឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ទៀតថា តំបន់សៀមរាប-អង្គរ គឺជាគោលដៅសំរាប់ទេសចរណ៍បែបអាពារហ៍ពិពារហ៍សម្រាប់ជនជាតិឥណ្ឌាដ៏ទាក់ទាញដោយផ្សារភ្ជាប់ទៅ នឹងវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីប្រហាក់ប្រហែលគ្នា ដែលនឹងនាំមកជាមួយនូវក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ និងភ្ញៀវចូលរួមយ៉ាងច្រើន ហើយពួកគេអាចតភ្ជាប់ទៅ តំបន់ឆ្នេរខេត្តព្រះសីហនុ ។ ព្រមជាមួយនេះលោកក៏បានស្វាគមន៏ គំនិតលើកឡើងថា កម្ពុជាជាគោលដៅទេសចរណ៍ សំរាប់សន្និសិទកំរិតអន្តរជាតិ (MICE -Meeting Incentive Exhibition Convention) ផងដែរ។ស្របពេលដែលបច្ចុប្បន្ននេះ អាស៊ានកំពុងជំរុញអនុវត្តស្តង់ដារ MICE អាស៊ាន ។ សៀមរាប-អង្គរ ភ្នំពេញ និងក្រុងព្រះសីហនុ គឺជាគោលដៅទេសចរណ៍ ដ៏ល្អសំរាប់សន្និសិទ្ធអន្តរជាតិធំៗ។ លោករដ្ឋមន្ត្រី បានស្នើឱ្យឥណ្ឌាជួយបន្តជម្រុញអោយមានការហោះហើរត្រង់មកកាន់កម្ពុជា (ដែលមកដល់បច្ចុប្បន្ននេះពុំទាន់មាននៅឡើយ) ដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគូសបញ្ជាក់រួចហើយ។ កម្ពុជានឹងខិតខំបង្កើននិងជម្រុញ សកម្មភាពឃោសនា ផ្សព្វផ្សាយទៅកាន់គោលដៅទីផ្សារឥណ្ឌា ពិសេស ម៉ុមបៃ និង ញូវដែលី និងខិតខំជំរុញអោយក្រុមហ៊ុន អាកាសចរជាតិ និងក្រុមហ៊ុនទេសចរណ៍ចុះបញ្ជីក្នុងស្រុកពិចារណាក្នុងការហោះហើរតភ្ជាប់ពីកម្ពុជា ឥណ្ឌាផងដែរ។
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០១៦ ទេសចរជនជាតិឥណ្ឌាចេញក្រៅប្រទេសប្រមាណ២០លាននាក់ ក្នុងនោះមកតំបន់អាស៊ាន ប្រមាណ ៣,៥ លាននាក់ មកកាន់កម្ពុជាក្នុងឆ្នាំ២០១៦ ទើបបាន ៤៦,១៣១ នាក់ (កើន ២៥% )ដោយឡែកក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៧ ទេសចរជនជាតិឥណ្ឌាមកកាន់កម្ពុជាចំនួន ១៣,៨១៦ នាក់ កើន ២០% ។ កម្ពុជាមានផែនការ ទាក់ទាញទេសចរណ៍ឥណ្ឌាអោយបានប្រមាណ ១០ម៉ឺននាក់ នៅឆ្នាំ២០២០ខាងមុខនេះ៕