ពីរខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិមកកម្ពុជាជាង១លាននាក់

210

ពីរខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិមកកម្ពុជាជាង១លាននាក់ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង១លាននាក់កើនឡើង១២,១ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមន្ត្រីជំនាញ និងផ្នែកឯកជនបានហៅថាជាសញ្ញាល្អឡើងវិញក្នុងវិស័យនេះ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងរយៈពេលពីរខែដើមឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាង១លាន៨ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួន១៧២.៤៣៨នាក់ កើនឡើង១៦ភាគរយ។

លោកគង់ សុភារក្សប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថាស្ថានភាពការមកដល់របស់ភ្ញៀវទេសចរណ៍ឆ្នាំនេះ ទំនងជាភ្ញៀវចិននាំមុខភ្ញៀវមកពីប្រទេសវៀតណាមដែលជាទូទៅស្ថានភាពនៃការមកដល់របស់ភ្ញៀវឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុន ដោយសារកំណើនសេដ្ឋកិច្ចចិន និងបណ្តាប្រទេសក្នុងតំបន់ដែលប្រទេសចិនបានជួយច្រើនលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនានា ការភ្ជាប់ជើងហោះហើរកាន់តែច្រើន ការហោះហើរត្រង់ពីជប៉ុនមកកម្ពុជានិងការសម្រួលទិដ្ឋាការឲ្យភ្ញៀវចិន និងកូរ៉េអាចចេញចូលបានច្រើនដង។ លោកបន្តថា “លោករំពឹងថានៅដំណាច់ឆ្នាំនេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន១លាននាក់ហើយតួលេខព្យាករណ៍ដោយក្រសួងរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន៥.៤លាននាក់នៅដំណាច់ឆ្នាំនេះ”៕

Comments

comments