នៅតាមទីអារាម ព្រៃ ភ្នំ ក្រមថ្មនានា គេតែងជឿថា មានទសបារមីអ្នកតាបង់បត់ នៅចាំថែរក្សា ឃុំគ្រង ដែលអ្នកទាំងនោះថែមទាំងមានសត្វសាហាវ ដូចជា ពពួកអសិរពិសពស់ ខ្លា ដំរី ជាសេនា និងជាជំនិះ ផង។ ល្អាងភ្នំប្រចៀវ ត្រូវបានអ្នកស្រុកអះអាងថា មានសត្វពស់មួយប៉ុនដើមត្នោតនៅរក្សាការពារ ហើយធ្លាប់ទាំងសម្តែងឫទ្ធីធ្វើឱ្យរង្គើភ្នំនិងចេញមកឱ្យអ្នកស្រុកឃើញទៀតផង នៅពេលដែលមានអ្នកនិយាយស្តី ខុសមាត់ ករនោះ…។
ល្អាងប្រចៀវ គឺជាភ្នំមួយស្ថិតនៅក្នុងទឹកដីភូមិសាស្ត្រភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ ហើយក៏ជាភ្នំមួយដែលសំបូរទៅដោយសត្វព្រៃ ជាពិសេសសត្វអសិរពឹស តូចធំគ្រប់ប្រភេទ ពោរពេញទៅដោយភាពអាថកំបាំង និងជំនឿបារមីខ្លាំងក្លាណាស់ ព្រោះឱ្យតែប្រជាពលរដ្ឋមានភ័យអាសន្នឬកើតទុក្ខមិនសុខចិត្តទៅលើការកាត់ក្តីនិងមិនមានជំនឿជឿជាក់ទៅលើគ្នានោះគេតែងរមកបន់ស្រន់នឹង ស្បថស្បែសុំឱ្យបារមីរក្សាភ្នំប្រចៀវជួយធ្វើសាក្សី ព្រមទាំងកាត់ក្តីឱ្យមិនដែលខាននោះទេ។
ទាក់ទងទៅនឹងបារមីស័ក្តិសិទ្ធ និងពស់អ្នកតាដែលតែងចេញមកបង្ហាញខ្លួនអ៊ំប្រុសជុច សឿម ហៅម៉ាប់ អាយុ៦៦ឆ្នាំ មានទីលំនៅក្នុងភូមិគោកសំព័រ នៅក្បែរភ្នំប្រចៀវ ជាគ្រូថ្នាំបុរាណ និងមន្តអាគមម្នាក់ប្រចាំនៅតំបន់នោះ បានមានប្រសាសន៍ថា នៅភ្នំប្រចៀវនេះមិនអាចចេះតែទៅបំពារបំពានបានស្រួលៗនោះទេហើយបើខុសមាត់វិញក៏មិនបានដែរ។ នៅទីនេះជាទីបញ្ជាការដ៏ធំមួយរបស់បារមីផ្លូវក្នុងហើយក៏សម្បូរទៅដោយសត្វអសិរពឹសតូចធំគ្រប់ប្រភេទផងដែរ ដែលភាគច្រើនជាសេនា និងជំនិះរបស់អ្នកតាបង់បថនៅទីនោះតែម្តង ហើយតិចលោតែហ៊ានចាប់យកទៅលក់ ឬធ្វើម្ហូប ប្រាកដជាអាសន្នធំមិនខាន។ នៅរៀងរាល់រាត្រី តែងមានដុំភ្លើងហោះចេញចូលជាប្រចាំ ជាពិសេសនៅថ្ងៃឧបោសថសីល ថ្ងៃខែដាច់គឺភ្លឺព្រោងព្រាតតែម្តង ហើយក៏ឧស្សាហ៍មានអព្ភូតហេតុខ្មោចលងទើបមិនសូវមាននរណាចូលទៅឬឆ្លងកាត់ព្រៃនោះតែម្នាក់ឯងដែរទោះបីជាវេលាថ្ងៃក្តី។ លោកអ៊ំបន្តថា ភ្នំនេះក៏សម្បូរសត្វប្រចៀវណាស់ ពីមុនៗអ្នកស្រុកតែងមកប្រមូលអាចម៍ប្រចៀវនៅទីនេះយកទៅធ្វើជី ប៉ុន្តែបន្ទាប់ពីពស់លោកតាឧស្សាហ៍បង្ហាញខ្លួនមកទើបអ្នកភូមិលែងហ៊ានចូលទៅតំបន់នោះទៀត។ តាមពិតពស់ដែលមានទំហំប៉ុនដើមត្នោត ជាសេនា ព្រមទាំងជំនិះរបស់លោកតានេះ មានមួយគូគឺញី ១ឈ្មោល ១ប៉ុន្តែ អាឈ្មោលត្រូវរន្ទះបាញ់ងាប់ជាង១០ឆ្នាំមកហើយ នៅចង្កេះភ្នំខណៈដែលវាចេញលេងទឹកពេលភ្លៀងធ្លាក់ នៅសល់តែញីប៉ុណ្ណោះ។
លោកអ៊ំ ជុច សឿម ភ្នំនេះគឺជាទីកន្លែងសម្រាប់អ្នកភូមិបួងសួងបន់ស្រន់និងស្បថស្បែផង ហើយក៏មិនដែលមានអ្នកស្រុកណាហ៊ានទន្ទ្រានដែរ ព្រោះតែមានបារមីស័ក្តិសិទ្ធ និងទាន់ហន់ណាស់ ។អ្វីដែលអស្ចារ្យបំផុតនោះគឺកាលពី២ឆ្នាំមុន ភ្នំប្រចៀវនេះ ត្រូវបានគេជីកយកថ្ម សម្រាប់ស្ថាបនាផ្លូវជាតិពីស្រុកអន្លង់វែងទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ តែនៅពេលបើកការដ្ឋាន គាត់បានប្រាប់ឱ្យរៀបគេរៀបចំពិធីសែនក្រុងពាលីសុំម្ចាស់ទឹកដីឱ្យបានត្រឹមត្រូវ ប្រយ័ត្នមានគ្រោះថ្នាក់។ ដោយគ្មានជំនឿ ពួកគេមិនបានធ្វើតាមនោះទេហើយនៅពេលអេស្កាវ៉ាទ័រកាយប៉ះរូងពស់ដែលមានទំហំប៉ុនៗភ្លៅនោះពួកគេសប្បាយយកទៅធ្វើម្ហូបក្លែមស្រាថែមទៀតផង។ កំពុងផឹកស៊ីមិនទាន់ចប់ផង ស្រាប់តែកើតអាការៈចុកពោះស្ទើរគ្រប់គ្នា ទាល់តែគាត់ទៅរៀបចំសែនព្រេនសុំខមាលទោស ម្ចាស់សុំទឹកដីដែលនៅថែរក្សារនៅទីនោះទៅតាមលំឱនក្បួនខ្នាតទើបពួកកម្មករ បានជាសះស្បើយវិញ។
លោកតារ័ត្ន ឌួង អាចារ្យវត្តគីរីជលសារដែលស្ថិតនៅក្បែរភ្នំប្រចៀវដែរនោះ បានប្រាប់ថាអ្វីដែលតាម៉ាប់រៀបរាប់ប្រាប់នោះ គឺមិនខុសនោះទេ ភ្នំនេះបង្កប់នូវអាថកំបាំង និងស័ក្តិសិទ្ធិខ្លាំងណាស់ ហើយក៏ជាកន្លែងប្រជុំទៅដោយបារមីធំៗនៅតំបន់អន្លង់វែងនេះដែរ។ សូម្បីតែជំនាន់តាម៉ុកកាន់កាប់នៅទីនេះ ក៏ពួកទាហានខ្មែរក្រហមមិនហ៊ានចូលទៅក្បែរផង។ ដោយសារសម្បូរសត្វអសិរពឹសណាស់ ដែលភាគច្រើនជារបស់អារក្សអ្នកតាភ្នំ ហើយអ្នកស្រុកក៏ឧស្សាហ៍ជួបញឹកញាប់ដែរ ប៉ុន្តែពុំដែលធ្វើបាបនោះទេ ហើយអ្នកដែលជួបទាំងនោះសុទ្ធតែជាអ្នកអួតអាងនិងនិយាយផ្តេសផ្តាស់ខុសមាត់កនិងក៏ធ្លាប់មានអ្នកខ្លាចរហូតធ្លាក់ខ្លួនឈឺក៏មានបន្ទាប់ពីឃើញសេនារបស់លោកតា(អ្នកតាភ្នំប្រចៀវ)។
លោកតាអាចារ្យ រំឭកដែរថា កាលពីឆ្នាំ២០១២ កន្លងទៅនេះ ដោយសារតែមិនជឿហើយថែមទាំងរុកទន្ទ្រានទីដែលហាមឃាត់ផងនោះបារមីរបស់អ្នកតាភ្នំប្រចៀវបានសម្តែងឫទ្ធិធ្វើឱ្យពួកកម្មករទាំងអស់ភ័យនាំគ្នារត់ចោលការដ្ឋានគ្រប់គ្នា។គ្រានោះបន្ទាប់ពីកើតនូវអព្ភូតហេតុកម្មករចុកពោះក្រោយពីយកពស់ដែលកាយដីបានយកទៅក្លែមស្រាបានស្ងប់សុខបានតែប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើពិធីបួងសួងបន់ស្រន់សុំម្ចាស់ទឹកដីព្រៃភ្នំ។ស្រាប់តែមានកម្មករមាត់ដាចម្នាក់ស្រវឹងស្រានិយាយក្តែងៗថា ទៅខ្លាចអីអាត្រឹមសត្វពស់នោះ កាន់តែធំកាន់តែល្អ ឱ្យតែងចេញមកចាប់ឆាក្តៅតែទាំងអស់់ហ្នឹង កំពុងខ្វះម្ហូបក្លែមផង។ ថាមិនទាន់ផុតពីមាត់ស្រួសបួលផងស្រាប់តែកូនភ្នំដែលជាការរដ្ឋានថ្មនោះរញ្ជួយរង្គើរយ៉ាងខ្លាំងរួចក៏រអិលក្រឡាប់ឡានដែលចតស្ងៀមធ្លាក់ខូចខាតអស់មួយគ្រឿងហើយក៏នាំគ្នារត់បាតជើងសព្រាតទាល់តែរៀបចំសែនព្រេនសុំខមាលទោសទើបហ៊ានចូលទៅការដ្ឋានវិញ។
រីឯកលោក ណង ធី អាយុ៥៨ឆ្នាំ ដែលបានអះអាងថា ធ្លាប់បានឃើញពស់អ្នកតាទំហំប៉ុនដើមត្នោតហើយភិតភ័យរហូតធ្លាក់ខ្លួនឈឺនោះបានមានប្រសាសន៍បា្រប់ថា ខ្ញុំបានរស់នៅភូមិនេះតាំងពីជំនាន់ត្រួតត្រាដោយខ្មែរក្រហមមកម៉្លេះហើយជាមនុស្សដែលមិនចេះខ្លាចរូបនេះក៏ជាជើងខ្លាំងខាងចាប់សត្វពស់ម្នាក់ដែរ។ លោកពូបានពោលថាតាំងពីពេលនោះមកមិនបាច់អ្នកណាមកបបួលទៅភ្នំប្រចៀវទៀតទេ ទោះជួលឱ្យប្រាក់ក៏អត់ទៅដែរ។ លោក ធី បានរៀបរាប់ថា កាលពីមុនខ្ញុំតែងតែទៅកើបអាចម៍ប្រចៀវ នៅទីនោះយកមកធ្វើជីតាមទម្លាប់ ហើយក៏បានជួបពស់ញឹកញាប់ដែរ ប៉ុន្តែត្រឹមប៉ុនៗកំភួនជើង និងភ្លៅតែប៉ុណ្ណោះ ដែលភាគច្រើនជាពស់វែករនាម។ នារសៀលថ្ងៃមួយ កាលពីឆ្នាំ២០១២កន្លងទៅ បន្ទាប់ពីហូបស្រាជាមួយអ្នកភូមិជាមួយគ្នារួច ខ្ញុំក៏ចេញទៅរើសគ្រាប់បេង និងគ្រាប់គ្រញូងយកមកទុកបណ្តុះ តែមុននឹងទៅគាត់បាននិយាយលេងសើចនៅក្នុងវង់ថា ថ្ងៃនេះទៅចាប់ពស់លោកតាម្តង ព្រោះល្បីយូរហើយថាធំសម្បើមណាស់។ នៅពេលនិយាយរួច ក៏ជិះកង់ចេញទៅ ទើបតែដល់ច្រកចូលភ្នំ ស្រាប់តែឮសំឡេងប្រេះប្រស់ៗបាក់ដើមឈើតូចៗ និងរង្គើរព្រៃយ៉ាងខ្លាំង ក៏ឈប់កង់មើល ស្មានថាជាសត្វទន្សោង ឬខ្ទីង ក៏ដាក់កង់ចោលទៅពួនអែបដើមឈើលបមើល។ រំពេចនោះដោយស្រាប់តែលេចចេញមកនូវសត្វពស់ដ៏ធំមួយដែលមិនធ្លាប់ប្រទះសោះ ទំហំប៉ុនដើមត្នោតលូនចេញពីព្រៃសំដៅរូងមួយក្បែរល្អាងប្រចៀវធ្វើឱ្យរូបខ្ញុំស្លុតរហូតទន់ជង្គង់ទាល់តែពស់នោះលូនចូលទៅក្នុងរូង ភ្នំប្រចៀវបាត់ ទើបគាត់ប្រវេរប្រវាររត់មកផ្ទះសូម្បីតែកង់មិនខ្ចីយកផង។ ដោយភ័យពេក បណ្តាលឱ្យរូបគាត់ធ្លាក់ខ្លួនឈឺរាប់ខែ ទោះព្យាបាលដាក់ថ្នាំយ៉ាងណាក៏មិនត្រូវដែរ ទាល់តែនិមន្តព្រះសង្ឃមកស្រោចទឹក និងនិយាយបន់ស្រន់បារមីអ្នកតាភ្នំរៀបចំសែន បង្អែមចង្អាប ទើបបានជាសះស្បើយ។
ជុំវិញជំនឿបារមី និងសត្វពស់ប៉ុនដើមត្នោត ដែលជាសេនារបស់អ្នកតាភ្នំប្រចៀវនេះដែរ ព្រះតេជគុណឯម ញ៉ឹប ព្រះគ្រូចៅអធិការវត្តគីរីជលសារ ក៏បានមានសង្ឃដិកាដែរថា អ្នកតានៅភ្នំប្រចៀវ ពិតជាកាច និងប្រកាន់ណាស់ និយាយខុសមាត់មិនបានទេ ហើយពិសេសនោះបើហ៊ានស្បថបំពាននោះ គឺប្រាកដជាទាន់ហន់បំផុត មិនបាច់ចេញផុតពីកន្លែងស្បថទាន់នោះទេ។ បើសិនជានិយាយផ្តេសផ្តាស់នោះ សត្វពស់ធំៗដែលជាសេនារបស់អ្នកតា នឹងចេញ មកបង្ហាញខ្លួនភ្លាម ប៉ុន្តែមិនដែលយាយីអ្នកស្រុកណាម្នាក់ទេ ។បន្ទាប់ពីសុំខមាលទោស សត្វទាំងនោះនឹងត្រឡប់ទៅវិញដោយឯកឯង។ ព្រះអង្គក៏បានមានសង្ឃដិកាដែរថា ពស់ដែលជាសេនាលោកតាភ្នំប្រចៀវនោះ ព្រះតេជគុណក៏ធ្លាប់ជូបប្រទះដែរ តាំងពីអាត្មានៅមិនទាន់ បួស រហូតក្លាយជាសង្ឃ ហើយកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ពេលអាត្មានាំនេនៗ និងអាចារ្យ ៗ ចូលទៅរកកាប់ឈើមកសង់វិហារ ក៏ធ្លាប់បានជួបដោយចៃដន្យដែរ តែគេមិនបានធ្វើអ្វីយើងនោះទេ និយាយស្តី ឬធ្វើអ្វីមិនគួរគប្បី៕ ដាវ៉ុន