កម្ពុជាត្រូវការពេលវេលាយូរ ដើម្បីធ្វើឲ្យវិស័យនេះរីកចម្រើន ការនាំចូលទំនិញពីក្រៅប្រទេសដែលមានផ្ទុកសារធាតុគីមី គឺជារឿងដែលមិនអាចចៀសផុត នៅពេលដែលការផលិតក្នុងស្រុកនៅមិនទាន់អាចផ្គត់ផ្គង់ទីផ្សារបានទាន់ពេល ទាន់តម្រូវការនៅឡើយ នេះមិនទាន់និយាយដល់ផលិតផលកសិកម្មដែលជាប្រភេទដាំដុះដោយធម្មជាតិ ត្រូវការពេលយូរ និងពិបាកក្នុងការថែទាំនោះ។កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសកសិកម្មដែលមានសក្តានុពលខ្ពស់ក្នុងដាំដុះក៏ដោយ។ប៉ុន្តែអ្នកជំនាញផ្នែកកសិកម្ម នឹងសេដ្ឋកិច្ចបាននិយាយថា កម្ពុជាត្រូវការពេលវេលាយូរតទៅទៀតធ្វើឲ្យវិស័យនេះរីកចម្រើន។ អ្នកជំនាញផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារបានលើកឡើងថាដើម្បីលើកស្ទួយសុវត្ថិភាពចំណីអាហារ សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិចំណុចសំខាន់៣ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ោ:
១. គាំទ្រដល់ការអភិវឌ្ឍកសិកម្មសរីរាង្គទាំងផ្នែកបច្ចេកទេស ទុន និងទីផ្សារ។
២. រៀបចំឲ្យមានស្តង់ដាសុវត្ថភាពចំណីអាហារនិងស្តង់ដាកសិកម្មសរីរាង្គជាតិ។
៣. ការពារកុំឲ្យមានការនាំចូល និងការធ្វើពាណិជ្ជកម្មនូវចំណីអាហារដែលខុសស្តង់ដាសុវត្ថភាពចំណីអាហារ។ លោក ង៉ែត ជូ អ្នកសេដ្ឋកិច្ច និង ជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុម ហ៊ុនប្រឹក្សាយោបល់វិនិយោគ និង ជាសកម្មជនសេរីភាពហិរញ្ញវត្ថុក៏បានលើកឡើងថា តើយើងអាចរកទិញរបស់ដែលយើងមិនស្គាល់ និងមិនមានលក់នៅទីផ្សារបានដោយរបៀបណា?ពីព្រោះថា៖
១) កម្ពុជាមិនទាន់មានយន្តការបញ្ជាក់ពីបន្លែសុវត្ថិភាព (ឬហៅថាគ្មានគីមី)បានទូលំទូលាយនៅឡើយ។ ពលរដ្ឋមិនស្គាល់ថាបន្លែមានឬគ្មានជាតិគីមីនោះទេ បើគ្មានការបញ្ជាក់ត្រឹមត្រូវ។
២) បន្លែសុវត្ថិភាពលក់នៅទីផ្សារមានមិនដល់៥០តោនផង ខណៈដែលកម្ពុជាប្រើបន្លែសរុបប្រហែល២០០០តោនក្នុង១ថ្ងៃ។ ចំណែកអ្នកសិក្សាការអភិវឌ្ឍសង្គមលោក មាស នី ទេ បាននិយាយថា ពលរដ្ឋភាគច្រើនពុំមានជម្រើសផ្សេងពីការទិញផលិតផលទាំងនោះទេ លើសពីនេះពួកគាត់ពុំមានចំណេះ ជំនាញ ឬបច្ចេកទេសណាទៅពិនិត្យសារធាតុគីមីនៅលើផលិតផលទាំងនោះដែរ។ ពាក់ព័ន្ធ នឹងបញ្ហានេះក្រសួងពាណិជ្ជកម្ម កាលពីខែឧសភា បានចាប់ផ្ដើមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឬអែមស៍ ដែលក្រសួងរំពឹងថា នឹងជំរុញការផ្គត់ផ្គង់ផលិតផលកសិកម្ម ដូចជាបន្លែ សាច់មាន់ សម្រាប់ទីផ្សារក្នុងស្រុក ដែលបច្ចុប្បន្នគ្របដណ្ដប់ដោយផលិតផលនាំចូលពីក្រៅបរទេស។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា គម្រោងនេះមានតម្លៃ ៦១លានដុល្លារសហរដ្ឋអាមេរិក អនុវត្តរយៈពេល ៦ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ហើយគ្រួសារចំនួន ៧,៥ម៉ឺនគ្រួសារទូទាំងប្រទេស នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ៕