រថយន្តកាម​រី​បា​ឡែ​ន១គ្រឿងដឹកឈើប្រណិតបើកយ៉ាងលឿនទៅបុកនិងរថយន្តឡិច​ស៊ី​ស LX470 ពេញទំហឹងសំណាងល្អមិនមានអ្នករបួស

99

ភ្នំពេញ ៖  រថយន្ត​កាម​រី​បា​ឡែ​ន១គ្រឿងដឹកឈើប្រណិតប្រភេទធ្នង់បើកក្នុងល្បឿនលឿនទៅ​បុក​និងរថយន្ត​ឡិច​ស៊ី​ស LX470 ពេញទំហឹង បណ្ដាល​ឲ្យ​​រថយន្តខូចខាតទាំងសងខាង ហើយ​អ្នកបើកបរ​រត់គេច​ខ្លួនបាត់។ ហេតុការនេះបានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​ភ្នំពេញហាណូយ កែង​និង​ផ្លូវ​សម្តេច ជា ស៊ី​ម ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-២៥១៧ ជា​រថយន្ត​ច្នៃ​ដោះ​កៅអី​ខាងក្រោយ​ចេញ​ដឹកឈើ​ប្រណិតប្រភេទ​ធ្នង់​ពេញ​រថយន្ត ហើយ​បិទ​កញ្ចក់​ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវភ្នំពេញ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​សម្តេច ជា ស៊ី​ម ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស LX470 ពណ៌​ស អត់​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញហាណូយ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា និង​ក្នុង​ល្បឿន​លឿន រួច​ក៏​បាន​បត់​ឆ្វេ​តទៅ​ផ្លូវ សម្តេច ជា ស៊ី​ម ទៅ​បុក​រថយន្ត​ខាងលើ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​សរង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល។ ចំណែកឯ​រថយន្ត​កាម​រី​បា​ឡែ​នវិញក៏ រង​ការ​ខូចខាត​​ផ្នែក​ខាង​មុខ​យ៉ាងដំណំដែល ភ្លាម​ៗ​នោះ​អ្នកបើកបរ​បាន​បើកទ្វា​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅកន្លែងកើហេតុ។ពាក់ព័ន្ធករណីខាងលើនេះ លោក ហឿន វឿន អធិការរងទទួលបន្ទុកផ្នែកសណ្តាប់និងចរាចរខណ្ឌសែនសុខបានប្រាប់តាមទូរស័ព្ទថា៖ លោកមិនទាន់បានទទួលព័ត៌មាននេះទេព្រោះគាត់កំពង់ជាប់រវល់ការពារក្បួនថ្នាក់ដឹកនាំ។ ដោយឡែកលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខវិញបានមានប្រសាសន៍ថា៖ រថយន្តកាមរីបាឡែន ដែលបង្ករគ្រោះថ្នាក់ចរាចរហើយមានដឹកឈើប្រណិតប្រភេទធ្នង់នោះគឺលោកបានអោយជំនាញផ្នែក​ចរាចរណ៍​ខណ្ឌ​សែន​សុខ ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​សិនដើម្បី ទុក​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​រក្សា​ទុក ៕

 

Comments

comments