(ភ្នំពេញ)៖ នៅក្នុងព្រះរាជសារ ព្រះមហាក្សត្រ សម្រាប់ពិធីបើកសម័យប្រជុំរដ្ឋសភាពេញអង្គ លើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រ បានព្រះសម្តែងការកោតសរសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលក្នុងដំណើរការដោយជោគជ័យ ក្នុងការស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ។ ទន្ទឹមនឹងគ្នានេះ ព្រះករុណា ក៏បានព្រះសម្តែងការកោតសរសើរនិងថ្លែងអំណរគុណដល់សមាជិកសភាទាំងអស់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហារបស់ប្រជាពលរដ្ឋមកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ តាមរយៈព្រះរាជសារនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏បានមានព្រះបន្ទូលថា ការរួមគ្នារវាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បានធានាបានស្ថិរភាពនយោបាយ និងសង្គម ហើយនាំឲ្យកម្ពុជា សម្រេចបាននូវអត្រាខ្ពស់នៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។ ព្រះអង្គសង្ឃឹមថា រដ្ឋសភា នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាចំពោះមុខបន្តទៀត ដើម្បីសម្រេចដល់ដំណោះស្រាយ ភាពសុខដុមរមនា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តមញ៉ាំងឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា៕